តើអ្នកដឹងទេថាពន្លឺចេញពី Smartphone អាចប៉ះពាល់ដល់ខួរក្បាលនិងខ្លួនរបស់អ្នកយ៉ាងម៉េចខ្លះ?

ប្រសិនជាអ្នកជាកំពុងតែគេងអានអត្ថបទនេះនៅក្នុងបន្ទប់គេងរបស់អ្នក នេះគឺជាដំណឹងអាក្រក់សំរាប់អ្នកហើយ។

បច្ចុប្បន្ននេះ Smartphone បានក្លាយជាផ្នែកមួយនៃជីវិតរបស់មនុស្សទូទៅជាច្រើន
។ តើមានពេលប៉ុន្មានថ្ងៃដែលអ្នកមិនបានបើកអ៊ិនធើណិត រឺលេងហ្គេមនៅលើទូរសព្ទដៃរបស់អ្នក? តើប៉ុន្មានយប់ក្នុងមួយសប្តាហ៍ដែលអ្នកមិនបានមើលយូធូប លេងហ្វេសប៊ុក នៅលើទូរសព្ទដៃមុនចូលគេង? អត្ថបទតទៅនេះ នឹងធ្វើអោយអ្នកសំរេចចិត្តថាតើគួរលេងទូរសព្ទមុនចូលគេងរឺអត់?

អេក្រង់របស់ Smartphone បញ្ចេញពន្លឺពណ៌ខៀវដែលអាចអោយអ្នកមើលវាឃើញសូម្បីតែនៅពេលថ្ងៃ។ ពន្លឺខៀវនេះបានធ្វើអោយខួរក្បាលច្រលំថាជាពន្លឺព្រះអាទិត្យដែលធ្វើអោយខួរក្បាលបញ្ឈប់ការផលិតជាតិអរម៉ូនឈ្មោះ ម៉េឡាតូនីន (Melatonin)។ សារធាតុម៉េឡាតូនីននេះជាធម្មតាត្រូវបានបញ្ចេញដើម្បីប្រាប់ខួរក្បាលយើងថាជាពេលដែលត្រូវគេង។ ការបញ្ឈប់ការផលិតអរម៉ូនម៉េឡាតូនីននេះ​ នឹងធ្វើអោយអ្នកមានបញ្ហាដំណេកដូចជាពិបាកគេងលក់ ហើយនិងគេងមិនបានស្កប់ដែលជាមូលហេតុនេះបញ្ហាសុខភាពជាច្រើនទៀតដូចជា៖

ខួរក្បាលស្ពឹក៖ ការគេងមិនស្កប់ស្កល់អាចធ្វើអោយអ្នកមានបញ្ហាខួរក្បាលដូចជាពិបាកផ្ចង់អារម្មណ៍ រឺពិបាកក្នុងការចង់ចាំ។ ហេតុនេះហើយវានឹងធ្វើអោយអ្នកពិបាកក្នុងការរៀនរបស់ថ្មីៗ។
ងាយធ្លាក់ទឹកចិត្ត៖ មនុស្សដែលមានការបញ្ឈប់ការបញ្ចេញអរម៉ូនម៉េឡាតូនីន ដោយការប៉ះទៅនិងពន្លឺ ងាយនឹងកើតជំងឺធ្លាក់ទឹកចិត្ត។
កើតមហារីកដោះ​ និងមហារីកប្រូស្តាត៖ ការបញ្ឈប់ការបញ្ចេញជាតិម៉េឡាតូនីន​ និងការដេកមិនលក់អាចបណ្តាលអោយមនុស្សប្រឈមមុខខ្ពស់ទៅនឹងការកើតជំងឺមហារីកដោះ និងប្រូស្តាត។
ជំងឺភ្នែក៖ មានភស្តុតាងខ្លះបានបង្ហាញថាពន្លឺរបស់Smartphone អាចបណ្តាលអោយខូចរ៉េទីនរបស់ភ្នែក។ ហើយលើយសពីនេះ អ្នកវិទ្យាសាស្ត្រក៏ពុងតែសិក្សាផងដែរថាតើពន្លឺដែលចេញពីSmartphone អាចធ្វើអោយមានជំងឺបាយភ្នែកពិតមែនរឺអត់។

បន្ទាប់ពីអានអត្ថបទនេះហើយ សង្ឃឹមថាអ្នកនឹងបញ្ឈប់ទំលាប់ប្រើSmartphone ឬ ឧបករណ៍អេឡិចត្រូនិចស្រដៀងគ្នានេះ មុនពេលចូលគេង។ ប្រសិនជាអ្នកមិនអាចបញ្ឈប់ការប្រើប្រាស់វាបានទេ អ្នកគួរតែបើកពន្លឺតិចបំផុត។


ប្រភព៖ http://www.nhs.uk & http://www.businessinsider.com

វិធីសាស្រ្តបង្កើនសមត្ថភាពខួរក្បាល

មនុស្សភាគច្រើនតែងតែគិតថា ខួរក្បាលរបស់មនុស្សចាស់មិនអាចរៀនអ្វីដែលថ្មី រឺមានការចង់ចាំល្អដូចក្មេងៗឡើយ។ ការគិតបែបនេះត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថាមិនត្រូវទេ ពីព្រោះទោះបីជាស្ថិតនៅក្នុងវ័យណាក៏ដោយ កោសិកាប្រសាទនៅតែមានលទ្ធភាពបង្កើតទំនាក់ទំនងជាមួយកោសិកាប្រសាទផ្សេងទៀតក្នុងខួរក្បាលមនុស្ស ដែលទំនាក់ទំនងនេះហើយជាមូលដ្ឋានគ្រឹះនៃការចងចាំ និងសមត្ថភាពដោះស្រាយបញ្ហាផ្សេងៗ។ ការបង្កើតទំនាក់ទំនងនេះមិនមែនចេះតែកើតដោយឯកឯងនោះទេ គឺចំបាច់ត្រូវមានកត្តាផ្សេងៗចូលរួម។ ខាងក្រោមនេះគឺជាវិធីសាស្ត្រដើម្បីអោយកើតទំនាក់ទំនងរវាងកោសិកាប្រសាទ ដែលនឹងធ្វើអោយសមត្ថភាពខួរក្បាលរបស់អ្នកកាន់តែប្រសើរឡើង។

ហ្វឹកហាត់ខួរក្បាល
ខួរក្បាលរបស់មនុស្សប្រៀបដូចសាច់អញ្ចឹង កាលណាយើងហ្វឹកហាត់កាន់តែច្រើន វាក៏នឹងកាន់តែខ្លាំងតាមនោះដែរ។ សំនួរសួរថា តើគួរហ្វឹកហាត់ខួរក្បាលតាមវិធីណា? វិធីសាស្រ្តងាយៗក្នុងការហ្វឹកហាត់ខួរក្បាល គឺជាប់ទាក់ទងនឹងការរៀនរបស់ថ្មីៗដូចជារៀនភាសាបរទេស រៀនលេងឧបករណ៍តន្រ្តីជាដើម រៀនលេងអុក និងរៀនដោះស្រាយចំនោទបញ្ហាផ្សេងៗ និងការអានសៀវភៅជាដើម។ ការហ្វឹកហាត់នេះនឹងធ្វើអោយកោសិកាប្រសាទបង្កើតទំនាក់ទំនងរវាងគ្នាវាកាន់តែច្រើន ហេតុនេះហើយទើប សិស្សដែលពូកែគណិត រឺមុខវិជ្ជាផ្សេងៗ ច្រើនតែជាសិស្សដែលធ្វើលំហាត់ រឺអានបានច្រើន។ កាលណាយើងកាន់តែគិត កាន់តែរៀន កោសិកាខួរក្បាលកាន់តែបង្កើតទំនាក់ទំនង ហើយទំនាក់ទំនងនេះនឹងស្ថិតនៅជាប់ក្នុងខួរក្បាលប្រៀបដូចខ្សែសៀគ្វីនៅលើបន្ទះឈីប អញ្ចឹងដែរ។

ហាត់ប្រាណ
ការហាត់ប្រាណក៏មានសារសំខាន់ខ្លាំងណាស់ដែរសំរាប់ខួរក្បាលក៏ដូចជាដងខ្លួនទាំងពីព្រោះវាជាអ្នកជួយអោយប្រព័ន្ធសរសៃឈាមនាំអុកស៊ីសែនចិញ្ចឹមសរីរាង្គផ្សេងៗទៀតបានល្អ ហើយក្នុងនោះក៏មានខួរក្បាលផងដែរ ដែលខួរក្បាលគឺជាសរីរាង្គដែលត្រូវការអុកស៊ីសែនរហូតដល់៣០% នៃអុកស៊ីសែនសរុបដែលចាំបាច់សំរាប់រាងកាយទាំងមួល។ ការហាត់ប្រាណដែលមានប្រយោជន៍សំរាប់ខួរក្បាលបំផុតក៏ជាការហាត់ប្រាណបែប អាអេរ៉ូប៊ី (ជាការហាត់ប្រាណធម្មតាដែលមិនត្រូវការប្រើថាមពលខ្លាំង) ដូចជាការរាំ ការជិះកង់ រឺរត់ជាដើម។ ដូច្នេះ អ្នកគួរតែហាត់ប្រាណជាប្រចាំ។

គេងអោយបានគ្រប់គ្រាន់
អ្នកវិទ្យាសាស្រ្តបានរកឃើញថាទិន្នន័យជាច្រើនទាក់ទងនឹងការចងចាំរឺការដោះស្រាយបញ្ហាផ្សេងៗត្រូវបានកត់ចូលទៅក្នុងខួរក្បាលនៅពេលដែលមនុស្សកំពុងគេងលក់។ ហេតុនេះហើយទើបការគេងមានសារៈសំខាន់ណាស់ដើម្បីអោយសមត្ថភាពខួរក្បាលប្រសើរឡើង និងបង្កើនការចងចាំ។ អ្នកវិទ្យាសាស្ត្រមិនអាចកំនត់ជាក់លាក់ថាមនុស្សម្នាក់ៗត្រូវការគេងប៉ុន្មានម៉ោងអោយជាលាក់នោះទេ ប៉ុន្តែពួកគេបានឯកភាពគ្នាថាជាទូទៅមនុស្សធំត្រូវការគេងចន្លោះពី៧ ទៅ៩ ម៉ោង។ សំរាប់រយៈពេលគេសំរាប់ក្រុមមនុស្សផ្សេងទៀតសូមចូលទៅកាន់ SLEEPFOUNDATION.ORG។

ចំនាយពេលវេលាបង្កើនចំនងមិត្តភាពជាមួយមនុស្សជុំវិញខ្លួន
មនុស្សយើងជាសត្វដែលមានទំនាក់ទំនងជាមួយគ្នាខ្ពស់។ មនុស្សកើតមកមិនមែនដើម្បីរស់នៅម្នាក់ឯងទេ។ ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃក៏ជារំញោចមួយដែលជួយអោយក៏សិការប្រសាទភ្ញាប់គ្នាធ្វើអោយខួរក្បាលកាន់តែខ្លាំង។ តាមការស្រាវជ្រាវមួយរបស់សកលវិទ្យាល័យហាវឺដ បានរកឃើញថាក្រុមមនុស្សដែលរស់នៅដែលមានការគាំទ្រពីអ្នកជុំវិញខ្លួន និងមានទំនាក់ទំនងក្នុងសង្គមល្អមានអត្រាបាត់បង់សមត្ថភាពចងចាំនិងចំនេះដឹងតិចជាងមនុស្សធម្មតា។

សើចអោយបានច្រើន
យើងប្រហែលជាធ្លាប់តែលឺគេនិយាយថាសំនើចគឺជាឱសថបំបាត់ទុក្ខកង្វល់។ ជាការពិតណាស់ សំនើចគឺជាឱសថដែលធ្វើអោយយើងរីករាយភ្លេចទុក្ខកង្វល់ ហើយវាក៏ជាឱសថដែលល្អខួរក្បាលរបស់យើងផងដែរ។ នៅពេលដែលយើងសើច ផ្នែកជាច្រើននៃខួរក្បាលត្រូវបានរំញោច។ លើសពីនេះ សំនើចធ្វើអោយបន្ថយអរម៉ូនស្ត្រេសដែលធ្វើអោយប៉ះពាល់ដល់ខួរក្បាល។
ការស្តាប់រឿងកំប្លែង ការសើចកំសាន្តអាចជួយអោយធ្វើអោយដំនើរការនូវតំបន់ដែលចាំបាច់សំរាប់ការរៀនសូត្រនិងភាពច្នៃប្រឌិតនៅលើខួរក្បាល។ ចិត្តវិទូ ដាណែល ហ្គូលម៉េន បានសរសេរនៅក្នុងសៀវភៅ ភាពឈ្លាសវៃផ្នែកអារម្មណ៍ ថាការសើចជួយអោយមនុស្សគិតបានទូលំទូលាយ។

ពិសារអាហារដែលជួយដល់ខួរក្បាល
ក៏ដូចជាសរីរាង្គផ្សេងទៀតដែរ ខួរក្បាលត្រូវការអាហារដើម្បីថាមពល។ ដូច្នេះការបរិភោគអាហារសំខាន់ណាស់ ប៉ុន្តែមិនមែនគ្រប់អាហារសុទ្ធតែល្អសំរាប់ខួរក្បាលនោះទេ។ ដើម្បីខួរក្បាលរបស់អ្នក អ្នកគួរតែឧស្សាហ៍បរិភោគត្រី គ្រាប់ធញ្ញជាតិ គ្រាប់ផ្កាឈូករ័ត្ន បន្លែពណ៌បៃតង ផ្លែឈើ ដូចជាផ្លែទទឹម និងផ្លែបឺរជាដើម។ ជាតិអាល់កុលត្រូវបានគេរកឃើញថាអាចសំលាប់កោសិកាប្រសាទ តែផ្ទុះទៅវិញបើសិនជាអ្នកពិសារស្រាទំពាំងបាយជូរក្នុងបរិមានតិចតូចវានឹងជួយខួរក្បាលរបស់អ្នក។


ប្រភព http://www.dailymail.co.uk/health/article-2609427/Could-laughter-best-way-improving-memory-Older-people-better-short-term-recall-watching-comedy.html https://hbr.org/2014/05/a-social-brain-is-a-smarter-brain/ http://www.health.com/health/gallery/thumbnails/0,,20434658,00.html

PhotoMath កម្មវិធីទូរសព្ទដៃដែលប្រើកាម៉េរ៉ាក្នុងការដោះស្រាយលំហាត់គណិតវិទ្យា

PhotoMath ជាកម្មវិធីដែលអាចដោះស្រាយលំហាត់គណិតវិទ្យាបានយ៉ាងរហ័សដោយប្រើបា្រស់កាម៉េរ៉ារបស់ទូរសព្ទដៃ។​​​


កម្មវិធីដ៏អស្ចារ្យនេះត្រូវបានអភិវឌ្ឈដោយក្រុមហ៊ុន​ Microblink​ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស។​ កម្មវិធីនេះ​អាចអោយអ្នករកចំលើយរបស់សមីការគណិតវិទ្យាបានយ៉ាងងាយដោយគ្រាន់តែអ្នកថតរូបសមីការនោះ​ ហើយកម្មវិធីនឹងគណនាចម្លើយក្នុងរយៈពេលតែប៉ុន្មានវិនាទី ប៉ុន្នោះ។​​ កម្មវិធីនេះ​ នឹងអាចជួយអោយក្មេងៗដែលពិបាកក្នុងការរៀនគណិតវិទ្យា​អាចរៀនបានដោយខ្លួនឯង ពីព្រោះបន្ថែមលើលទ្ធផល​ កម្មវិធីនេះក៏មានបង្ហាញផងដែរពីរបៀបគណនា​ ហើយវាក៏នឹងមានប្រយោជន៍ផងដែរសំរាប់ឪពុកម្តាយដែលចង់រំលឹកវិធីសាស្រ្តដោះស្រាយលំហាត់សំរាប់បង្រៀនកូនៗ​។​​​​


លោកអ្នកអាចទាញយកកម្មវិធី PhotoMath បានដោយមិនគិតថ្លៃ​នៅលើ App Store រឺ Play store



ខាងក្រោមនេះគឺជាវីដេអូបង្ហាញពីការប្រើប្រាស់កម្មវិធី​ Photomath​ ក្នុងការគណនាលំហាត់៖


.​​​

ជំនាញ៦ ដែលត្រូវចេះនៅវ័យ ២០ឆ្នាំ

បន្ទាប់បានអានអត្ថបទនៅក្នុងគេហទំព័របរទេសមួយ ខ្ញុំក៏សំរេចចិត្តសសេរអត្ថបទនេះឡើង។ ខាងក្រោមនេះគឺជាចំនុចមួយចំនួនដែលខ្ញុំយល់ថាសំខាន់ហើយចង់ចែករំលែកអោយអ្នកទាំងអស់គ្នាជាពិសេសអ្នកដែលកំពុងស្ថិតក្នុងវ័យ ២០ឆ្នាំ៖
តើអ្នកត្រូវចេះអ្វីខ្លះពេលអាយុខ្ទង់២០?

ចេះស្មោះត្រង់
ភាពស្មោះត្រង់សំខាន់ណាស់សំរាប់ការរស់នៅទូទៅ ក៏ដូចជាកន្លែងធ្វើការរឺក្នុងអាជីវកម្មផ្សេងៗ។ ការមិនស្មោះត្រង់ម្តងម្កាល យូរៗទៅអាចក្លាយជាទម្លាប់។ ហើយការមិនស្មោះត្រង់នេះអាចនឹងធ្វើអោយអ្នកមានបញ្ហាក្នុងទំនាក់ទំនងទៅថ្ងៃក្រោយ។ ឧទាហរណ៍ថាពេលអ្នកទៅប្រជុំយឺតដោយអ្នកមិនបានត្រៀមខ្លួនបានល្អ អ្នកមិនគួរប្រាប់គេថាអ្នកយឺតដោយសារស្ទះចរាចរណ៍រឺយឺតដោយលេសផ្សេងៗទេ អ្នកគួរតែប្រាប់តាមត្រង់ទៅថាអ្នកមិនបានត្រៀមខ្លួនអោយបានល្អទើបមកយឺត។ ជំនួសដោយការប្រើលេស អ្នកគួរតែនិយាយការពិត ពីព្រោះការប្រើលេសអាចអោយគេមើលឃើញថាអ្នកជាមនុស្សមិនគួរអោយទុកចិត្តនៅថ្ងៃក្រោយ។
ចេះទទួលការរិះគន់
ធម្មជាតិរបស់មនុស្សគឺ មិនចូលចិត្តអោយគេនិយាយថាខ្លួនខុសនោះទេ។ ប៉ុន្តែអ្នកត្រូវចាំថាគ្មានអ្នកណាដែលល្អគ្រប់១០ នោះឡើយ។ កំហុសតែងតែមាន ហើយអ្នករិះគន់ក៏មិនដែលថាគ្មានដែរ។ ហេតុនេះអ្នកត្រូវចេះរៀនបើកចិត្តអោយទូលាយទទួលយកការរិះគន់ដើម្បីអាចការប្រែចំនុចខ្វះខាតរបស់យើង ព្រមទាំងចេះឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងការរិះគន់ដោយមិនក្រោធខឹង រឺគិតអាក្រក់ពីអ្នកដែលរិះគន់យើងឡើយ។ ការចេះទទួលយកការរិះគន់នេះនឹងជួយអោយអ្នកជោគជ័យនៅលើវិថីជីវិតដ៏វែងឆ្ងាយទៅខាងមុខ។
ចេះគោរពសន្យា
ពាក្យបុរាណខ្មែរយើងតែងនិយាយថា មនុស្សគេយកសំដី។ ពាក្យនេះគឺសំដៅដល់ការគោរពសន្យានេះឯង។ ឧទាហរណ៍ថា នៅកន្លែងធ្វើការរបស់អ្នក អ្នកបានសន្យាថានឹងធ្វើការងារមួយអោយហើយនៅសប្តាហ៍ក្រោយ ប៉ុន្តែអ្នកមិនបានបង្ហើយការងារនោះដូចដែលអ្នកបានសន្យាទេ។ ការនេះនឹងធ្វើអោយអ្នកជុំវិញខ្លួននិងថ្នាក់លើរបស់អ្នកបាត់បង់ទំនុកចិត្តលើអ្នក។ ហើយភាពជាមនុស្សគួរជាទីទុកចិត្តនេះហើយដែលនឹងអាចអោយអ្នកឆ្ពោះទៅមុខកាន់តែខ្ពស់នៅក្នុងការងាររបស់អ្នក។
ចេះងើបឈរ
មនុស្សម្នាក់ៗតែងតែធ្លាប់ជួបបរាជ័យក្នុងរឿងអ្វីមួយ ហើយអ្នកខ្លះក៏ធ្លាប់ជួបបរាជ័យរាប់មិនអស់។ ដូចនេះចេះងើបឈរបន្ទាប់ពីបរាជ័យសំខាន់ណាស់ បើសិនជាអ្នកចង់ជោគជ័យ។ នៅអាយុខ្ទង់២០ឆ្នាំ គឺជាពេលវេលាដែលទំនួលខុសត្រូវរបស់អ្នកមិនទាន់ច្រើនប៉ុន្មានឡើយ ហេតុនេះ នៅខ្ទង់អាយុ២០ឆ្នាំនេះហើយដែលអ្នកមានពេលវេលាច្រើនសំរាប់រៀនសូត្រនិងដកស្រង់បទពិសោធន៍ពីភាពបរាជ័យ ដើម្បីអោយខ្លួនអ្នករឹងមាំគ្រប់គ្រាន់សំរាប់ទំនួលខុសត្រូវដែលអ្នកនឹងត្រូវមានកាន់តែច្រើនឡើងៗនៅអាយុខ្ទង់៣០ ទៅ៤០ឆ្នាំ។ មហាសេដ្ឋីរបស់ចិនលោកចេកម៉ា ក៏ធ្លាប់បានផ្តល់ដំបូន្មានដូចគ្នានេះដែរ នៅក្នុងកម្មវិធីទូរទស្សន៍មួយ។
ចេះប្រឈមមុខនឹងការបដិសេធ
នៅវ័យខ្ទង់ ២០ ឆ្នាំ គឺជាវ័យដែលមនុស្សភាគច្រើនសាកល្បងធ្វើរឿងជាផ្សេងៗដូចជារកដៃគូរជីវិត រឺដាក់ពាក្យសុំធ្វើការកន្លែងផ្សេងៗជាដើម។ អ្នកខ្លះក៏ជោគជ័យ ឯអ្នកខ្លះទៀតក៏មិនជោគជ័យ។ តាមចិត្តវិទ្យា ជាទូទៅការបដិសេធនឹងធ្វើអោយអ្នកបាត់បង់ក្តីស្រលាញ់ចំពោះខ្លួនឯង។ ហេតុនេះហើយទើបយើងឃើញមនុស្សខ្លះបាក់ទឹកចិត្តនៅពេលទទួលរងការបដិសេធពីនរណាម្នាក់។ មនុស្សល្បីៗមួយចំនួនសុទ្ធតែធ្លាប់ទទួលការបដិសេធជាច្រើនលើកច្រើនសារមុននឹងទទួលបានជោគជ័យ។ លោកចេកម៉ា​ ធ្លាប់ត្រូវបានគេបដិសេធការងារជាច្រើនកន្លែង ប៉ុន្តែការបដិសេធនេះមិនបានធ្វើអោយយល់ថាខ្លួនគាត់គ្មានបានការនោះទេ គឺគាត់នៅតែរក្សាទឹកចិត្ត ដើរឆ្ពោះទៅមុខជានិច្ច។ ប្រសិនជាអ្នកជួបនូវការបដិសេធ ចូរអ្នកទទួលស្គាល់ការពិតមួយទៅថា ការបដិសេធនោះមិនមានជាអវសាន្តពិភពលោកទេ។ និយាយអោយត្រង់ គឺ វាមិនស្លាប់ទេ។
ចេះរៀនក្រៅសៀវភៅ
ការរៀនមិនមែនសំដៅតែលើការរៀននៅសាលា រៀនតាមសៀវភៅនោះទេ។ ដើម្បីទទួលជោគជ័យទៅថ្ងៃក្រោយ អ្នកត្រូវចេះរៀនពីមនុស្សជុំវិញខ្លួន រៀនពីសង្គម តាមការសង្កេត នឹងការដកស្រង់បទពិសោធដោយខ្លួនអ្នក។ ក្នុងវ័យនេះ វាសំខាន់ណាស់សំរាប់អ្នកក្នុងការរាប់អានមនុស្សដែលអាចអោយអ្នកជោគជ័យទៅថ្ងៃក្រោយ គឺអ្នកត្រូវរាប់អានមនុស្សដែលនឹងបង្រៀនអ្នកពីការងារផ្សេងៗ ពីរបៀបដែលនឹងនាំអ្នកទៅរកជោគជ័យ។ បើអ្នកចង់បើកអាជីវកម្មខ្លួនឯងអ្នកត្រូវរៀនពីអ្នកដែលកំពុងតែមានអាជីវកម្មខ្លួនឯងដើម្បីទទួលបទពិសោធពីគេ។ លើសពីនេះ អ្នកក៏អាចរៀនបានផងដែរតាមការស្តាប់វាគ្មិននៅតាមសិក្ខាសាលា វគ្គបណ្តុះបណ្តាលផ្សេងៗ។

អត្ថប្រយោជន៍នៃការញញឹម


ញញឹមជាការបញ្ចេញអារម្មណ៍ដោយទឹកមុខដែលអាចយល់ដោយមនុស្សទូទៅក្នុងលោក។វាជាភាសាសកលដែលមនុស្សជាច្រើនក្នុងលោកទទួលស្គាល់ថាជាប្រភពនៃសុភមង្គល និងទំនាក់ទំនង។ “សន្តិភាពចាប់ផ្តើមឡើងពីស្នាមញញឹម” អ្នកម្តាយថេរ៉េសា។ ខាងក្រោមនេះគឺជាឥទ្ធិពលរបស់ស្នាមញញឹម ហើយក៏ជាមូលហេតុដែលអ្នកគួរតែញញឹមអោយបានច្រើនផងដែរ៖

  • ការញញឹមនឹងធ្វើអោយអ្នកអារម្មណ៍ល្អ
  • អ្នកប្រហែលជាគិតមិនចាប់អារម្មណ៍ទេថាការញញឹមនឹងធ្វើអោយអ្នកមានអារម្មណ៍ល្អ ជាងពេលអ្នកពាក់មុខយក្សព្រោះជាទូទៅយើងតែងតែដឹងថា ពេលយើងមានអារម្មណ៍ល្អទើបយើងញញឹម។ ការសិក្សាមួយចំនួនបានបង្ហាញថា ពេលដែលអ្នកញញឹមខ្លួនរបស់អ្នកនឹងបញ្ចេញអរម៉ូនម្យ៉ាងឈ្មោះសេរ៉ូតូនិន ដែលជាសារធាតុគីមីជួយអោយអ្នកមានអារម្មណ៍ល្អ។ (អ្នកកើតជំងឺផ្លូវចិត្តភាគច្រើនគឺបណ្តាលមកពីខ្វះសារធាតុសេរ៉ូតូនីននេះ។) ដូច្នេះ ពេលរីករាយ អ្នកក៏ញញឹម ហើយពេលអ្នកញញឹមអ្នកនឹងកាន់តែរីករាយ។

     
  • ស្នាមញញឹមអាចផ្លាស់ប្តូរពិភពលោក
  • តើអ្នកដឹងទេថាស្នាមញញឹមរបស់មនុស្សម្នាក់អាចឆ្លងទៅកាន់អ្នកដទៃទៀត? ពេលខ្លះអ្នកប្រហែលជាមិនចាប់អារម្មណ៍ថាការញញឹមអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទេ។ តើមានប៉ុន្មានដងដែលអ្នកផ្សេងញញឹមដាក់អ្នកហើយអ្នកមិនញញឹមដាក់គេវិញនោះ? ប្រហែលជាមិនច្រើនដងទេ។ នេះគឺជាឥទ្ធិពលរបស់ស្នាមញញឹម។ ដោយសារញញឹមធ្វើអោយអ្នករីករាយ នៅពេលដែលមនុស្សភាគច្រើនមិនពាក់មុខយក្សដាក់គ្នានោះសង្គមនឹងកាន់តែរីករាយ និងមានសុភមង្គល។

     
  • ការញញឹមធ្វើអោយមើលទៅទាក់ទាញ
  • ក្នុងការស្រាវជ្រាវបានរកឃើញថា មនុស្សភាគច្រើនគិតថាអ្នកដែលញញឹមគឺមានភាពទាក់ទាញជាង។ ចូរអ្នកស្រមៃមើលថារវាងពេលដែលមិត្តរបស់អ្នកញញឹម និងពាក់មុខយក្ស មុខមួយណាដែលគួរអោយស្រលាញ់ជាង?

     
  • ការញញឹមជួយបង្កើត និងពង្រឹងទំនាក់ទំនង
  • ស្នាមញញឹមជាសញ្ញានៃមិត្តភាព។ នៅពេលដែលមនុស្សណាម្នាក់ញញឹមរកអ្នក អ្នកប្រកដជាមានអារម្មណ៍ថាគេនោះចូលចិត្ត និងចង់រាប់អានអ្នក។ ការនេះនឹងជួយអោយអ្នកទាំងពីរងាយបង្កើតទំនាក់ទំនង។ លើសពីនេះទំនាក់ទំនងដែលប្រកបដោយស្នាមញញឹមគឺជាទំនាក់ទំនងដែលប្រកបដោយសុភមង្គល ហើយអាចស្ថិតស្ថេរយូរអង្វែង។

ការគុំគួនអាចធ្វើអោយប៉ះពាល់ដល់សុខភាព

ការសិក្សាជាច្រើនបានបង្ហាញថាសុខភាពផ្លូវចិត្ត និងអារម្មណ៍របស់មនុស្សមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសុខភាពផ្លូវកាយ។ ការមានសុទិដ្ឋិនិយមអាចឲ្យមនុស្សមានថាមពលក្នុងការសំរេចការងារផ្សេងៗក្នុងជីវិត។ ការមានការតាំងចិត្តខ្ពស់របស់អ្នករត់ប្រណាំង អាចជួយឲ្យគេរត់បានលឿនព្រមទាំងមិនងាយហត់ទៀតផង។

ទាក់ទងជាមួយទំនាក់ទំនងរវាងអារម្មណ៍ផ្លូវចិត្តនិងសុខភាពផ្លូវកាយនេះ មានការសិក្សាថ្មីមួយបានរកឃើញថាការគុំគួនរបស់មនុស្សចំពេោះអ្នកដែលធ្វើអាក្រក់ដាក់ខ្លួន​ មិនត្រឹមតែធ្វើឲ្យគេមានបន្ទុកផ្លូវចិត្តប៉ុន្នោះទេ វាថែមទាំងធ្វើឲ្យគេមានបន្ទុកផ្លូវកាយផងដែរ។​ នេះជាការរកឃើញថ្មីមួយរបស់ Erasmus University's Rotterdam School of Management របស់ប្រទេសហុឡង់ ដែលបានចុះផ្សាយនៅក្នុង Journal Social Psychological & Personality Science។ ក្នុងការស្រាវជ្រាវនេះ ការពិសោធន៍២ ត្រូវបានគេធ្វើឡើង។ នៅក្នុងការពិសោធន៍ទី១ គេបានឲ្យនិស្សិតចំនួន៤៦ចែកជា២ក្រុម ហើយក្រុមទីមួយត្រូវបានគេតំរូវឲ្យសរសេររៀបរាប់ពីពេលវេលាដែលនរណាម្នាក់ធ្វើឲ្យគេខឹង ប៉ុន្តែរូបគេផ្ទាល់អភ័យទោសឲ្យអ្នកនោះ ចំនែកមួយក្រុមទៀតសរសេររៀបរាប់ពីពេលវេលាដែលគេខឹងចំពោះនរណាម្នាក់តែមិនបានលើកលែងឲ្យអ្នកដែលធ្វើខុសនោះទេ។ បន្ទាប់មក មនុស្សទាំងពីរក្រុមត្រូវបានគេឲ្យឡើងលើភ្នំមួយដូចគ្នា។ វាជារឿងដែលគួរឲ្យភ្ញាក់ផ្អើល ព្រោះក្រុមទី១ដែលសរសេរពីការអភ័យទោសនោះគិតថាភ្នំនោះមានកំពស់ទាបជាងអ្វីដែលមនុស្សក្រុមទី២គិត។ ក្នុងការពិសោធន៍ទី២ ដែលមាននិស្សិត១៦០នាក់ចូលរួម អ្នកវិទ្យាសា្រស្តបានចែកនិស្សិតនោះជា៣ក្រុម ដោយឲ្យក្រុមទី១សរសេររៀបរាប់ពីបទពិសោធន៍ដែលគេលើកលែងទោសឲ្យអ្នកដែលធ្វើបាបគេ ហើយក្រុមទី២សរសេររៀបរាប់ពីបទពិសោធន៍ដែលគេមិនលើកលែងទោសដាច់ខាតដល់អ្នកដែលធ្វើបាបគេ រីឯក្រុមទី៣សរសេរពីបទពិសោធន៍ដែលមិនទាក់ទងនិងការត្រូវបានគេធ្វើបាបរឺការលើកលែងទោសឡើយ (ណឺត)។ បន្ទាប់មកអ្នកទាំងបីក្រុមត្រូវបានគេឲ្យលោតកំពស់។ ជាលទ្ធផល ជាមធ្យមមនុស្សក្រុមទី១ដែលបានអភ័យទោសឲ្យគេលោតបានខ្ពស់ជាងក្រុមទី២ដែលសរសេរពីបទពិសោធន៍គុំគួន។ ចំនែកភាពខុសគ្នារវាងក្រុមទី១ និងក្រុមទី៣ដែលសរសេរពីអារម្មណ៍ណឺត នោះគ្មានអ្វីគួរឲ្យកត់សំគាល់ឡើយ។

យោងទៅតាម​ Mayo Clinic, ការអភ័យទោសអាចផ្តល់នូវផលល្អច្រើនចំពោះសុខភាពដូចជាបន្ថយសម្ពាធឈាម បង្កើនប្រព័ន្ធការពាររាង្គកាយ​ បន្ថយការភ័យខ្លាចនិងស្ត្រេស បន្ថយហនិភ័យក្នុងការកើតជំងឺថប់បារម្ភ ព្រមទាំងពង្រឹងទំនាក់ទំនងល្អរវាងមនុស្សនិងមនុស្សផងដែរ។

"រក្សាគំនុំ គឺជាការដាក់បន្ទុកលើខ្លួនឯងយ៉ាងពិតប្រកដ"




ប្រភព៖ បរទេស
ប្រែសំរួលដោយ៖ ស៊ីណែត


តើត្រូវធ្វើដូចម្តេចដើប្បីកាត់បន្ថយការប្រឈមនឹងការកើតទឹកនោមផ្អែម?

ទោះបីជាតំណពូជអាចមានឥទ្ធពលទៅលើការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២យ៉ាងណាក៏ដោយ ក៏អ្នកវិទ្យាសាស្រ្តជាច្រើនបានអះអាងថាកត្តាតំណពូជនេះជាកត្តាមួយដែលតាមពីក្រោយរបៀបរស់នៅរបស់មនុស្សប៉ុន្នោះ។​​ របៀបរស់នៅរបស់មនុស្សគឺជាកត្តាសំខាន់បំផុតដែលធ្វើឲ្យអ្នកប្រឈមនឹងជំងឺទឹកនោមផ្អែម។ ខាងក្រោមនេះគឺជាការអនុវត្តមួយចំនួនដែលអ្នកអាចអនុវត្តដើម្បីកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២នេះ៖

  1. គ្រប់គ្រងទំងន់របស់អ្នក៖
  2. ការធាត់លើសទំងន់ត្រូវបានគេមើលឃើញថាជាមូលហេតុចំបងមួយដែលបណ្តាលឲ្យមនុស្សកើតជំងឺទឹកនោមផ្អែមប្រភេទ២។​​ ហេតុនេះ អ្នកត្រូវរក្សាទំងន់របស់អ្នកឲ្យស្ថិតនៅក្នុងចន្លោះសមស្រប។ ប្រសិនបើអ្នកធាត់លើសទំងន់ ការសំរកទំងន់របស់អ្នក ៧​ ទៅ ១០% នៃទំងន់ខ្លួនបច្ចុប្បន្នរបស់អ្នកអាចឲ្យអ្នកកាត់បន្ថយការប្រឈមគ្រោះថ្នាក់បានពាក់កណ្តាល។


  3. ធ្វើលំហាត់ប្រាណ៖
  4. ភាពអសកម្មផ្នែករាងកាយក៏ជាកត្តាមួយដែលធ្វើឲ្យមនុស្សប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២ផងដែរ។​​ ផ្ទុយទៅវិញការធ្វើលំហាត់សាច់ដុំអាចជួយកាត់បន្ថយគ្រោះថ្នាក់ប្រឈមនេះ ពីព្រោះ វាបានធ្វើឲ្យរាងកាយយើងអាចប្រើប្រាស់អាំងស៊ុយលីន(Insulin) និងស្រូបគ្លុយកូសបានល្អ។​ អ្នកអាចជ្រើសរើសវិធីហាត់ប្រាណងាយៗដូចជាការដើរជាដើម។ ការសិក្សាមួយបានបង្ហាញថា ការដើររយៈពេល៣០នាទីរៀងរាល់ថ្ងៃអាចជួយកាត់បន្ថយការប្រឈមជំងឺទឹកនោមផ្អែមប្រភេទ២បាន៣០%។


  5. បិទទូរទស្សន៍៖
  6. ចំនាយពេល២ម៉ោងអង្គុយរឺដេកស្ងៀមនៅមុខទូរទស្សន៍អាចឲ្យអ្នកប្រឈមមុខនឺងជំងឺទឹកនោមផ្អែមប្រភេទ២ ២០% លើសពីនេះ អ្នកក៏នឹងប្រឈមមុខផងដែរទៅនឹងជំងឺបេះដូងរហូតដល់១៥%។ ការចំនាយពេលនៅមុខទូរទស្សន៍ដោយអសកម្មគឺជាមូលហេតុមួយដែលធ្វើឲ្យមនុស្សធាត់និងលើសទំងន់។


  7. ប្រយ័ត្នប្រយែងក្នុងការហូបចុក៖
  8. របបអាហាសំខាន់ណាស់សំរាប់ទ្រទ្រង់រាងកាយ តែវាក៏អាចផ្តល់ផលវិបាកផងដែរ។ ដើម្បីកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២នេះ អ្នកគួរតែកំរិតបរិមាណភេសជ្ជៈដែលមានជាតិផ្អែម​ដូចជាទឹកក្រូចនិងទឹកផ្លែឈើកំប៉ុង រឺភេសជ្ជប៉ូវកំលាំងជាដើម។ លើសពីនេះអ្នកត្រូវកាត់បន្ថយអាហារដែលមានផ្ទុកពពួកខ្លាញ់អាក្រក់ដូចជាអាហារកញ្ចប់ អហារចៀន ហាំបឺហ្គឺរជាដើម ដោយងាកមករកអាហារដែលផ្ទុកសារធាតុខ្លាញ់ល្អដូចជាខ្លាញ់ត្រី ផ្លែបឺរជាដើម។

  9. ឈប់ជក់បារី៖
  10. ប្រសិនបើអ្នកជក់បារី សូមអ្នកបន្ថែមជំងឺទឹកនោមផ្អែមប្រភេទ២នេះចូលក្នុងបញ្ជីរគ្រោះថ្នាក់ចំពោះសុខភាពបណ្តាលមកពីការជក់បារី​ ហើយឈប់ជក់បារី។ ការជក់បារីអាចឲ្យអ្នកប្រឈមគ្រោះថ្នាក់លើសអ្នកមិនជក់៥០% ហើយប្រសិនជាអ្នកជក់កាន់តែខ្លាំង អត្រាគ្រោះថ្នាក់ក៏កាន់តែខ្ពស់ដែរ។


  11. ផឹកស្រាក្នុងបរិមាណសមស្រប៖
  12. ប្រសិនជាអ្នកជាអ្នកផឹកស្រា ដំណឹងល្អគឺជាតិអាល់កុលប្រហែលជាអាចជួយកាត់បន្ថយគ្រោះថ្នាក់ប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២ប្រសិនបើអ្នកផឹកវាក្នុងបរិមាណសមស្រប។ ផ្ទុយទៅវិញប្រសិនបើអ្នកផឹកស្រាច្រើន ការប្រឈមនឹងគ្រោះថ្នាក់នឹងកាន់តែខ្លាំងទៅវិញ​ លើសពីនេះអ្នកក៏នឹងប្រឈមមុខនឹងវិបត្តិជាច្រើនទៀតដូចជាជំងឺថ្លើម និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ហេតុនេះប្រសិនបើអ្នកមិនទាន់ក្លាយជាអ្នកផឹក អ្នកមិនចាំបាច់ក្លាយជាអ្នកផឹកនោះទេ អ្នកអាចជ្រើសរើសវិធីហាត់ប្រាណសំរកទំងន់ក៏អាចឲ្យអ្នកកាត់បន្ថយការប្រឈមនឹងការកើតទឹកនោមផ្អែមផងដែរ។






ប្រភព៖ Harvard School Of Public Health
ប្រែសំរួលដោយ៖ ស៊ីណែត

អត្ថប្រយោជន៍របស់ត្របែកចំពោះសុខភាព

ត្របែកដែលមានឈ្មោះជាភាសាឡាតាំងថា Guajava ជារុក្ខជាតិដែលពេញនិយមដាំនៅក្នុងប្រទេសត្រូពិចជាច្រើន។ ក្រៅពីផ្លែដែលត្រូវបានគេពេញនិយមបរិភោគ ត្របែកក៏មានផលប្រយោជន៍ក្នុងវិស័យវេជ្ជសាស្រ្តខ្លាំងណាស់ដែរ។ នៅក្នុងត្របែកមានផ្ទុកសារធាតុមានប្រយោជន៍ជាច្រើនដូចជា tannins, phenols, triterpenes, flavonoids, essential oils, saponins, carotenoids, lectins, វិតាមីនដេលក្នុងនោះមានបរិមាណវីតាមីនC យ៉ាងច្រើនគួរឲ្យភ្ញាក់ផ្អើល (ក្នុងផ្លែត្របែក ១០០ក្រាម មានវីតាមីន C ​៨០មីលីក្រាម)។

 តើអត្ថប្រយោជន៍នោះមានអ្វីខ្លះ?


  • បំបាត់រាក៖
  • ស្លឹកត្របែកមានប្រសិទ្ធភាពបំបាត់រាកដោយគេអាចយកវាទៅឆុងផឹកដើម្បីបំបាត់រាកយ៉ាងមានប្រសិទ្ធភាព។ ប្រសិទ្ធភាពក្នុងការបំបាត់រាករបស់ទឹកស្លឹកត្របែកនេះត្រូវបានបញ្ជាក់ក្នុងការសិក្សាមួយដោយអ្នកវិទ្យាសាស្រ្តនៅសកលវិទ្យាល័យ KwaZulu-Natal នៃប្រទេសអាហ្វ្រិកខាងត្បូង។ទឹកផ្លែត្របែកក៏ត្រូវបានគេឲ្យក្មេងផឹកបំបាត់រាកផងដែរ។

     
  • ប្រឆាំងអុកស៊ីតកម្ម៖
  • ក្នុងត្របែកមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលសារធាតុប្រឆាំងនឹងពពូករ៉ាឌីកាល់សេរី។ គួរបញ្ជាក់ផងដែរថា ពពួករ៉ាឌីកាល់សេរីគឺជាពពួករ៉ាឌីកាល់គីមីដែលអាចធ្វើឲ្យកោសិការខូចខាតដែលអាចធ្វើឲ្យស្បែកឆាប់ចាស់ជាដើម។

     
  • បំបាត់ការឈឺចាប់និងប្រឆាំងការរលាក៖
  • ការសិក្សាមួយទៅលើទឹកដែលចំរាញ់ពីស្លឹកត្របែកបានបញ្ជាក់ថាវាមានប្រសិទ្ធិភាពបំបាត់ការឈឺចាប់ ព្រមទាំងបំបាត់ការរលាក(antiinflammatory) ដែលធ្វើឲ្យមានការណែនាំដល់ប្រជាជននៅតំបន់ជនបទនៅអាហ្វ្រិកឲ្យមានការប្រើប្រាស់ស្លឹកត្របែកក្នុងការបំបាត់ការឈឺចាប់ និងការរលាកសន្លាកជាដើម។
     
  • អត្ថប្រយោជន៍ផ្សេងទៀត៖
  • លើសពីអត្ថប្រយោជន៍ទាំងបីខាងលើ ត្របែកក៏ត្រូវបានបញ្ជាក់ផងដែរថាមានគុណប្រយោជន៍សំរាប់បន្ថយសម្ពាធឈាម បំបាត់ក្អកនិងប្រឆាំងការរលាកក្រពះផងដែរ។


ដោយ៖ ស៊ីណែត

ភាពឯកោគ្រោះថ្នាក់ដូចការជក់បារី

នៅក្នុងការរស់នៅ មិត្តភាពមានសារៈសំខាន់ណាស់។ តាមការស្រាវជ្រាវគេបានរកឃើញនូវគុណសម្បត្តិជាច្រើនរបស់មិត្តភាព ដែលនៅពេលនេះយើងសូមលើកយកគុណសម្បត្តិ ៥ ចំនុចមកនិយាយ។
  1.  ធ្វើឲ្យអ្នកមានសុខភាពល្អ៖ គន្លឹះមួយដើម្បីមានសុខភាពល្អនិងអាយុវែងគឺ ការមានទំនាក់ទំនងរឹងមាំក្នុងសង្គម។ ហេតុនេះហើយទើបការចាត់ទុកគ្រួសារ និងមិត្តភ័ក្តិជាអាទិភាពគឺជារឿងសំខាន់។
  2. ធ្វើឲ្យអ្នកមិនងាយឈឺ៖​ តាមការស្រាវជ្រាវមួយបានបង្ហាញថា មនុស្សដែលមានទំនាក់ទំនងច្រើនក្នុងសង្គមមិនងាយកើតជំងឺផ្តាសាយដូចមនុស្សដែលចូលចិត្តនៅ តែម្នាក់ឯងនោះទេ។ 
  3. ធ្វើឲ្យអ្នកគេងលក់ស្រួល៖ ការសិក្សាមួយរបស់​ University of Chicago បានលើកឡើងថា ភាពឯកោធ្វើឲ្យមនុស្សមានបញ្ហាគេងមិនលក់។ កាលណាកាន់តែឯកា មនុស្សនិងកាន់តែគេងមិនលក់។
  4. ធ្វើឲ្យអ្នកនៅតែឆ្លាតវៀងវៃ៖  យោងតាមការសិក្សាមួយចំនួន ការមានការលើកទឹកចិត្តច្រើនពីមិត្តភក្តិ និងអ្នកជំុវិញខ្លួន អាចធ្វើឲ្យមនុស្សអាចកាត់បន្ថយនូវការធ្លាក់ចុះនៃសមត្ថភាពខួរក្បាល។
  5. ធ្វើឲ្យអ្នកអាយុវែង៖ ការសិក្សាមួយនៅឆ្នាំ២០១០ បានបង្ហាញថាមនុស្សដែលមានទំនាក់ទំនងសង្គមរឹងមាំមានទំនោររស់បានយូរជាមនុស្សដែលមិនសូវ មានទំនាក់ទំនងក្នុងសង្គម។ ការសិក្សានេះអាចឲ្យគេប្រៀបប្រដូចភាពឯកោទៅនឹងការជក់បារី។
Source: Health Magazine

    មូលហេតុដែលធ្វើឲ្យអ្នកគួរតែធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់

    បញ្ហាសុខភាពជារឿងសំខាន់សំរាប់មនុស្សគ្រប់រូប។ ការនេះបានធ្វើឲ្យមនុស្សកានតែច្រើនឡើងៗរិះរកវិធីដើម្បីការពារសុខភាព។ វិធីងាយហើយមានប្រសិទ្ធិភាពក្នុងការរក្សាសុខភាពនោះគឺ ការហាត់ប្រាណ។ ពាក្យថាហាត់ប្រាណសំដៅដល់ការធ្វើចលនារាងកាយដែលអាចមានរបៀបខុសគ្នាៗ ដូចជាការរត់ ដើរ លេងកីឡា រឺជិះកង់ជាដើម។ ទោះបីជាអ្នកជ្រើសរើសសកម្មភាពណាមួយដើម្បីហាត់ប្រាណក៏ដោយ ក៏អ្នកនឹងទទួលបានគុណសម្បត្តិដូចជា៖

    • ការហាត់ប្រាណឲ្យជួយឲ្យអ្នករក្សាទំងន់បានសមស្រប៖
    • ការធ្វើលំហាត់ប្រាណអាចជួយកុំឲ្យអ្នកឡើងទំងន់។​ សកម្មភាពលំហាត់ប្រាណជួយដុតបំផ្លាញកាឡូរីដែលអាចឲ្យអ្នកឡើងទំងន់។
       
    • ការពារអ្នកទប់ទល់នឹងជំងឺ៖
    • ការធ្វើលំហាត់ប្រាណអាចជួយបន្ថយជាតិខ្លាញ់អាក្រក់ និងបង្កើនខ្លាញ់ល្អក្នុងខ្លួន។ លើសពីនេះលំហាត់ប្រាណជួយសំរួលសរសៃឈាមឲ្យឈាមរត់បានស្រួល។​មូលហេតុទាំងពីរនេះ បានធ្វើឲ្យអ្នកដែលហាត់ប្រាណអាចកាត់បន្ថយការប្រឈមគ្រោះថា្នក់នៃជំងឺសរសៃឈាម-បេះដូង។បន្ថែមលើសនេះការធ្វើសកម្មភាពរាងកាយនេះក៏អាចជួយឲ្យអ្នកចៀសផុតពីជំងឺទឹកនោមផ្អែម ជំងឺរលាកសន្លាក ជំងឺដាច់សរសៃឈាមខួរក្បាល និងមហារីកមួយចំនួនទៀតផងដែរ។

       
    • ធ្វើឲ្យអ្នកមានអារម្មណ៍ល្អ៖
    • ការធ្វើលំហាត់ប្រាណជាកត្តាមួយភ្ញោចឲ្យខួរក្បាលបញ្ចេញសារធាតុគីមីដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អចំពោះខ្លួនឯង។ បន្ថែមលើសនេះ ការមានសុខភាពល្អ រាងកាយមាំមួនដែលជាលទ្ធផលនៃលំហាត់ប្រាណទៀងទាត់នឹងធ្វើឲ្យអ្នកមានអារម្មណ៍រីករាយនិងមានទំនុកចិត្តលើខ្លួនឯង។ តើរវាងដុះក្បាលពោះ និងមានរាងស្អាត មួយណាធ្វើឲ្យអ្នករីករាយជាង?

    • ជួយឲ្យអ្នកមានថាមពលខ្លាំងក្លា៖
    • ការធ្វើលំហាត់ប្រាណទៀងទាត់ធ្វើឲ្យសាច់ដុំរបស់អ្នកមាំមួន លើសពីនេះវាក៏បានជួយឲ្យបេះដូងរបស់អ្នកខ្លាំង មិនឆាប់ហត់ផងដែរ។ រវាងអ្នកដែលមិនដែលសូវលេងកីឡា និងអ្នកដែលលេងរាល់ថ្ងៃ អ្នកណាមួយឆាប់ហត់ជាង?

    • ជួយឲ្យអ្នកគេងលក់ស្រួល៖
    • ការហាត់ប្រាណជាប្រចាំជួយឲ្យអ្នកគេងឆាប់លក់ ព្រមទាំងគេងឆ្អែតស្កប់ស្កល់ទៀតផង។ ទោះបីជាការហាត់ប្រាណអាចឲ្យអ្នកគេងលក់ស្រួលក៏ដោយ អ្នកមិនគួរហាត់ប្រាណជិតពេលគេងនោះទេ។ តើអ្នកមានបញ្ហារឿងគេងមិនលក់មែនទេ?​ តើអ្នកបានសាកហាត់ប្រាណហើយរឺនៅ?

    • ជួយឲ្យជីវិតផ្លូវភេទរបស់អ្នកប្រសើរឡើង៖
    • ការហាត់ប្រាណមិនត្រឹមតែជួយឲ្យអ្នកមាំមួនប៉ុន្នោះទេ​ វាក៏ជួយឲ្យអ្នកមិនសូវមានបញ្ហាផ្លូវភេទផងដែរ។ តាមការស្រាវជ្រាវបានបង្ហាញថាមនុស្សប្រុសភាគច្រើនដែលហាត់ប្រាណ មិនសូវមានបញ្ហាឆាប់ចេញទឹកកាមទេ បើធៀបនឹងអ្នកដែលមិនហាត់ប្រាណ។ 

    • ការហាត់ប្រាណអាចជាការកំសាន្ត៖
    • បន្ថែមលើសកម្មភាពរាងកាយ ការហាត់ប្រាណក៏អាចផ្តល់ផងដែរនូវភាពរីករាយជាមួយមិត្តភ័ក្តិ រឺក្រុមគ្រួសារជាដើម។ រវាងការសំងំនៅផ្ទះរឺការិយាល័យពេលរសៀលបន្ទាប់ពីធ្វើការពេញមួយថ្ងៃ ជាមួយនិងការជិះកង់លំហែរ​ រឺ លេងកីឡាជាមួយមិត្តភក្តិ សកម្មភាពមួយណាអាចជួយឲ្យអ្នកកាត់បន្ថយការតានតឹងបាន?

    ប្រភព៖ បរទេស
    ប្រែសំរួលដោយ៖ ស៊ីណែត

    ក្រៅពីរលាកថ្លើម និងគ្រោះថ្នាក់ចរាចរណ៍ តើការផឹកសុរាជោកជាំនិងជាប្រចាំអាចបង្កផលវិបាកចំពោះសុខភាពអ្វីខ្លះ?

    ទោះបីជាមានការសិក្សាមួយចំនួនបានរកឃើញថាការផឹកស្រាក្នុងកំរិតសមល្មមអាចផ្តល់ផលប្រយោជន៍ដល់សុខភាពក៏ដោយ ក៏អ្នកមិនគួរធ្វេសប្រហេសឡើយពីព្រោះការផឹកស្រាច្រើនពេកនឹងផ្តល់ទុក្ខទោសយា៉ងច្រើនដល់ខ្លួនយើង។ មនុស្សភាគច្រើនសុទ្ធតែដឹងថាសុរាអាចបង្កគ្រោះថ្នាក់ដល់មនុស្សដូចជាការកើតជំងឺថ្លើម និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ប៉ុន្តែលោកអ្នកប្រហែលមិនចាប់អារម្នណ៍ទេថា សុរាអាចផ្តល់គ្រោះថ្នាក់ច្រើនជាងអ្វីដែលលោកអ្នកធ្លាប់គិតទៅទៀត។

    ខាងក្រោមជាផលវិបាកចំពោះសុខភាព ​៧យ៉ាងក្នុងចំនោមផលវិបាកដទៃទៀត ដែលបណ្តាលមកពីការផឹកស្រាជោកជាំជាប្រចាំ៖


    1. ខ្វះឈាមក្រហម(Anemia)
    2. ការផឹកស្រាជោកជាំអាចធ្វើឲ្យបរិមាណឈាមក្រហមដែលដឹកនាំអុកស៊ីសែនថយចុះក្រោមកំរិតធម្មតា។ ការនេះនឹងធ្វើឲ្យយើងល្ហិតល្ហៃ​ ស្លេកស្លាំង បេះដូងលោតញាប់ វិលមុខជាដើម។
    3. មហារីក
    4. ការផឹកស្រាជោកជាំជាប្រចាំ អាចបណ្តាលឲ្យកើតមហារីក មាត់ បំពង់ខ្យល់ បំពង់អាហារ ថ្លើម សុដន់ និងពោះវៀនធំ។ ការសិក្សាបានបង្ហាញថាជាតិអាល់កុលនៅក្នុងខ្លួនមនុស្សអាចត្រូវបានបំលែងជា ជាតិអាសេតាល់ដេអុីដ(Acetaldehyde) ដែលជាសារធាតុអាចបង្កឲ្យកើតមហារីក។
    5. ជំងឺលែងដឹងខុសត្រូវ
    6. ជាទូទៅខួរក្បាលរបស់មនុស្សរួមតូចទៅតាមអាយុក្នុងល្បឿន ១,៩% ក្នុងរយៈពេល១០ឆ្នាំ។​ ការផឹកស្រាជោកជាំនឹងធ្វើឲ្យល្បឿននេះកាន់តែលឿន។​ ជាលទ្ធផលអ្នកដែលផឹកស្រាជោកជាំជាប្រចាំនឹងក្លាយជាមនុស្សមានការចងចាំមិនបានល្អ អសមត្ថភាពក្នុងការគិតពិចារណា បាត់បង់សតិ។
    7. ជំងឺធ្លាក់ទឹកចិត្ត
    8. ទោះបីជាមានមតិជាច្រើនបានលើកឡើងថាជំងឺធ្លាក់ទឹកចិត្តជាមូលហេតុដែលធ្វើឲ្យមនុស្សផឹកស្រាក៏ដោយ ក៏មានការសិក្សាមួយនៅប្រទេសណូវែលសឺឡង់បានបង្ហាញថាការផឹកស្រាច្រើនជាប្រចាំក៏ជាមូលហេតុដែលធ្វើឲ្យមានជំងឺធ្លាក់ទឹកចិត្តទៅវិញផងដែរ។ ហេតុនេះបើសិនជាអ្នកបាក់ទឹកចិត្ត ការយកស្រាជាមិត្តជាប្រចាំនឹងនាំឲ្យអ្នកកាន់តែមានវិបត្តិកាន់តែធ្ងន់ប៉ុណ្ណោះ។
    9. រលាកសន្លាក់​(Gout)
    10. រលាកសន្លាក់គឺជាជំងឺដែលបណ្តាលមកពីការកើនឡើងនៃអាស៊ីតអុ៊យរិកដែលបង្កើតជាដំុតូចៗនៅតាមស្សន្លាក់ម្រាមដៃ រឺជើង ហើយធ្វើឲ្យមានការឈឺចាប់ខ្លាំង។ ជំងឺនេះអាចបណ្តាលមកពីកត្តាតំណពូជ។ មិនតែប៉ុណ្ណោះកត្តាចំនីអាហារ និងអាល់កុលនេះក៏ជាមូលហេតុនេះរលាកសន្លាក់នេះផងដែរ។ លើសពីនេះអាល់កុលប្រហែលជាអាចធ្វើអ្នកដែលកើតជំងឺនេះកាន់តែធ្ងន់ធ្ងរទៀតផង។
    11. សម្ពាធឈាមឡើងខ្ពស់
    12. ជាតិអាល់កុលច្រើនអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់។ ឥទ្ធិពលនេះនឹងក្លាយជារាំុរៃកាលណាយើងផឹកជាតិអាល់កុលច្រើនជាប្រចាំ។ លោកអ្នកមិនគួរប្រងើយកន្តើយទេចំពោះការពិតដែលថាសម្ពាធឈាមឡើងខ្ពស់អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដូចជាជំងឺបេះដូង ជំងឺតំរងនោម(ក្រលៀន) ជាដើម។
    13. រលាកលំពែង
    14. បន្ថែមទៅលើការរលាកក្រពះ អាល់កុលក៏អាចដុតលំពែងផងដែរ។ ជាលទ្ធផល ការរលាកលំពែងធ្វើឲ្យដំណើរការរំលាយអាហារមិនបានល្អដែលធ្វើឲ្យអ្នកចុកពោះ ព្រមទាំងរាករូសជាប់ផងដែរ។អ្នកវិទ្យាសាស្ត្របានអះអាងថាការលាកលំពែងបណ្តាលមកពីអាល់កុលគឺ​ ៦០%ឯណោះ។
    "សូមពិសារដោយការទទួលខុសត្រូវ"



    ប្រភព៖ WebMD
    ប្រែសំរួលដោយ៖ ស៊ីណែត

    ៨ចំនុច ដើម្បីការពារមហារីក

    មហារីក ជាជំងឺដ៏កាចសាហាវ និងជាក្តីកង្វល់យ៉ាងធំក្នុងវិស័យសុខាភិបាល។ របាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិសំរាប់ការស្រាវជ្រាវពីជំងឺមហារីកបានបង្ហាញថា នៅឆ្នាំ២០១២ ករណីមហារីកថ្មីមាន ១៤.១លានករណី ព្រមទាំងមានមនុស្ស ៨.២ លាននាក់បានស្លាប់ដោយសារមហារីក។ ដើម្បីរួមចំណែកក្នុងកាត់បន្ថយចំនួនអ្នករងគ្រោះដ៏ច្រើនលើសលុបនេះ ការសិក្សាជាច្រើនត្រូវបានធ្វើ។ ការសិក្សាមួយដែលបានបោះពុម្ពផ្សាយនាពេលថ្មីៗនេះបានរកឃើញថាមូលហេតុភាគច្រើនដែលនាំឲ្យកើតមហារីកគឺរបៀបរបបរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ ហេតុនេះការមានកែប្រែទំលាប់រស់នៅរបស់អ្នកមួយចំនួនអាចជួយឲ្យអ្នកកាត់បន្ថយការប្រឈមគ្រោះថ្នាក់ជំងឺមហារីកនេះបាន។

    1. គ្រប់គ្រងទំងន់របស់អ្នក៖
    2. ការរក្សាទំងន់របស់អ្នកឲ្យស្ថិតនៅក្នុងចន្លោះនៃទំងន់ធម្មតាអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺជាច្រើនរួមមានជំងឺមហារីកសួត មហារីកថ្លើម មហារីកសុដន់ មហារីកគ្រលៀនជាដើម។ លើសពីនេះការរក្សាទំងន់ឲ្យស្ថិតក្នុងចន្លោះធម្មតា (គណនាសន្ទស្សន៍ម៉ាសរាងកាយ) នេះក៏អាចជួយអ្នកកាត់បន្ថយគ្រោះថ្នាក់ប្រឈមនឹងជំងឺទឹកនោមផ្អែម ព្រមទាំងជំងឺសរសៃឈាម-បេះដូងផងដែរ។
    3. កាត់បន្ថយការបរិភោគសាច់សត្វ(សាច់ជ្រូក រឺសាច់គោ)៖
    4. ការសិក្សាថ្មីមួយបានរកឃើញថាការញាុំប្រូតេអុីនដែលបានពីសត្វ(ជាតិសាច់)ច្រើនជាមួលហេតុដែលអាចនាំឲ្យមនុស្សកើតជំងឺមហារីក ព្រោះប្រូតេអុីនដែលបានពីសាច់សត្វអាចធ្វើឲ្យកើនឡើងនូវ អរមូ៉​ន IGF-I ដែលជំរុញឲ្យកោសិកាមហារីកលូតលាស់។ ហេតុនេះអ្នកគួរតែកាត់បន្ថយសាច់សត្វឲ្យបានអតិបរមាហើយបញ្ចូលបន្លែ និងផ្លែឈើទៅក្នុងរបបអាហាររបស់អ្នកឲ្យបានច្រើន។
    5. ចាក់វ៉ាកសាុំង៖
    6. វីរុសមួយចំនួនអាចបង្កឲ្យមានមហារីក ដូចជាមហារីកថ្លើមដែលបណ្តាលមកពីវីរុសរលាកថ្លើម និងវីរុសpapillomavirus​ ដែលអាចបង្កជាជំងឺមហារីកមាត់ស្បូនជាដើម។ ហេតុនេះការចាក់វ៉ាក់សាំងប្រឆាំងវីរុសទាំងនេះ អាចជួយកាត់បន្ថយគ្រោះថ្នាក់ប្រឈមជំងឺមហារីកខាងលើបាន។
    7. ហាត់ប្រាណជាទៀងទាត់៖
    8. ការហាត់ប្រាណឲ្យបានទៀងទាត់អាចជួយឲ្យអ្នកមានសុខភាពល្អនិងបន្ថយគ្រោះថ្នាក់ពីជំងឺជាច្រើនរួមមានជំងឺមហារីកផងដែរ។ ការហាត់ប្រាណអាចជួយដុតកាឡូរី និងជួយឲ្យអ្នករក្សាទំងន់របស់អ្នកក្នុងចន្លោះធម្មតា។
      ផលប្រយោជន៍នៃការហាត់ប្រាណ
    9. ហាមជក់បារី៖
    10. បារីជាមួលហេតុមួយនៃជំងឺមហារីកសួត។ លើសពីនេះបារីក៏ជាមូលហេតុនេះជំងឺមហារីកផ្សេងទៀតដូចជា មហារីកមាត់ បំពង់ក ក្រពះ លំពែង គ្រលៀន ពោះវៀនធំ ក្រពេញអូវែ។ ប្រសិនបើអ្នកចូលចិត្តជក់បារី លោកអ្នកគួរតែរកវិធីបញ្ឃប់។
    11. បើសិនជាមិនអាចឈប់ផឹកសុរា ផឹកក្នុងបរិមាណតិចតូច៖
    12. អាល់កុលជាគ្រឿងស្រវឹងដ៏ពេញនិយមសំរាប់ការជួបជំុសំរាប់មនុស្សជាច្រើនក្នុងពិភពលោក។ គ្រឿងស្រវឹងនេះជាមួលហេតុមួយដែលអាចបណ្តាលឲ្យកើតជំងឺមហារីកមាត់ បំពង់សំលេង បំពង់អាហារ ថ្លើមនិងសុដន់​។ប្រសិនបើចូលចិត្តផឹកសុរា អ្នកគួរតែផឹកវាក្នុងបរិមាណតិចតូច។
      ផលវិបាកផ្សេងទៀតនៃការផឹកសុរា
    13. ការពារខ្លួនអ្នកពីជំងឺដែលឆ្លងតាមការរួមភេទ
    14. លោកអ្នកដឹងច្បាស់ណាស់ថាការរួមភេទដែលមិនបានការពារត្រឹមត្រូវ(ប្រើស្រោមអនាម័យ) អាចឲ្យអ្នកឆ្លងជំងឺដូចជាជំងឺកាមរោគ អេដស៍ជាដើម។ ប៉ុន្តែលោកអ្នកប្រហែលជាមិនចាប់អារម្មណ៍ទេថា វីរុសមួយចំនួនដូចជាpapillomavirus​ ដែលឆ្លងតាមការរួមភេទ អាចបណ្តាលឲ្យកើតជំងឺមហារីកផងដែរដូចជា មហារីកស្បូន និងទ្វារមាសជាដើម។  "ការពារប្រសើជាងព្យាបាល"
    15. ពិនិត្យសុខភាពឲ្យបានទៀងទាត់៖
    16. ការត្រួតពិនិត្យសុខភាពទៀងទាត់ជាវិធីមួយដែលអាចឲ្យអ្នកជៀសវាងការវិវត្តទៅរកភាពធ្ងន់ធ្ងររបស់មហារីកបាន។​ ការត្រួតពិនិត្យសុខភាពបានទៀងទាត់អាចកាត់បន្ថយអត្រាស្លាប់ដោយមហារីបានជាច្រើន។

    ដោយ៖ ស៊ីណែត

    តើមូសអាចរកឃើញមនុស្សដើម្បីខាំដោយរបៀបណា?

    មូសជាសត្វល្អិតដ៏រំខាន។ បន្ថែមលើ កន្ទួលរមាស់ដោយសារការខាំរបស់វា​ មូសក៏ជាភ្នាក់ងារចំលងរោគដ៏កាចសាហាវផងដែរ។ រៀងរាល់ឆ្នាំមានមនុស្សជាង១​លាននាក់បានស្លាប់ដោយសារមូសដែកគោលញីដែលជាភ្នាក់ងារបង្កជំងឺគ្រុនចាញ់។ លើសពីជំងឺផ្សេងទៀតដូចជាគ្រុនឈាមក៏ចម្លងដោយសារមូសផងដែរ។

    តើលោកអ្នកដឹងទេថាសត្វល្អិតចង្រៃដ៏កាចសាហាវនេះអាចរកឃើញមនុស្សដើម្បីខាំដោយរបៀបណា?

    លោកអ្នកប្រហែលជាគិតថាមូសប្រើភ្នែករបស់វាដើម្បីឃើញមនុស្សហើយអាចខាំមនុស្សបានហើយមើលទៅ។ តាមការស្រាវជ្រាវបានបង្ហាញថាភ្នែករបស់មូសមិនអាចអនុញ្ញាតឲ្យវាបែងចែកវត្ថុដែលវាមើលឃើញបានច្បាស់ទេ​ មានន័យថាបើពឹងផ្អែកលើភ្នែករបស់វា រវាងមនុស្សនិងវត្ថុផ្សេងទៀតដែលមានទំហំប្រហាក់ប្រហែលនឹងមនុស្ស វាមិនអាចដឹងថាមួយណាដែលវាគួរខាំនោះទេ។ ក្នុងគោលបំណងស្វែងយល់ពីសត្វសាហាវមួយនេះ និងដើម្បីអាចចាត់វិធានការប្រឆាំងនឹងជំងឺឆ្លងដែលវាផ្ទុក អ្នកវិទ្យាសាស្រ្តបានរកឃើញថាមូសអាចដឹងពីកន្លែងដែលមនុស្សនៅតាមរ​យៈបរិមាណកាបូនឌីអុកស៊ីតដែលមនុស្សដកដង្ហើមចេញ។ តាមរយៈកំហាប់កាបូនឌីអុកស៊ីតដែលចេញពីមនុស្សនេះ មួសអាចហើរទៅជិតមនុស្សហើយអាចទៅរកស្បែកមនុស្សដែលមិនបានគ្របដណ្តប់តាមរយៈក្លិនដែលបញ្ចេញពីស្បែករបស់មនុស្សបាន។

    សំរាប់ចំនេះដឹងបន្ថែមលោកអ្នកអាចទស្សនាវីដេអូខាងក្រោម៖

    ការបិទភ្នែកអាចជួយឲ្យអ្នកនឹកឃើញកាន់តែច្បាស់

    តើអ្នកធ្វើអ្វី នៅពេលព្យាយាមរកនឹកពីរឿងអ្វីមួយ? តើអ្នកធ្លាប់បិទភ្នែកដើម្បីរកនឹកពីកន្លែងដែលអ្នកដាក់កូនសោរដែររឺទេ? តើអ្នកជឿទេថាការបិទភ្នែកអាចជួយឲ្យអ្នកនឹកឃើញកន្លែងដែលអ្នកភ្លេចកូនសោរបាន?

    ថ្មីៗនេះ សកលវិទ្យាល័យ Surrey ដែលមានទីតាំងនៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស បានធ្វើការពិសោធន៍មួយដើម្បីបញ្ជាក់ថាតើការបិទភ្នែកពិតជាអាចជួយឲ្យអ្នកនឹកឃើញព្រិត្តិការណ៍ដែលអ្នកបានឆ្លងកាត់បានល្អជាងការមិនបិទភ្នែកដែរ រឺទេ។​ នៅក្នុងការពិសោធន៍នោះ អ្នកស្រាវជ្រាវបានឲ្យអ្នកចូលរួម ១៧៨នាក់មើលវីដេអូ។​ បន្ទាប់មក សំនួរមួយចំនួនត្រូវបានគេសួរទៅកាន់អ្នកចូលរួមដោយចែកជា៤ក្រុម ដែលក្រុមទី១ឆ្លើយដោយបិទភ្នែក ក្រុមទី២ឆ្លើយដោយបិទភ្នែកហើយនិងមានភាពរាក់ទាក់ពីអ្នកសួរពេលសួរសំនួរ ក្រុមទី៣ឆ្លើយដោយបើកភ្នែក និងក្រុមទី៤ឆ្លើយដោយបើកភ្នែកព្រមទាំងមានការរាក់ទាក់ពីអ្នកសំភាសន៍ពេលសួរសំនួរ។​ ជាលទ្ធផលអ្នកដែលឆ្លើយដោយបិទភ្នែករកនឹក អាចឆ្លើយសំនួរ​បានត្រឹមត្រូវ ២៣​ភាគរយច្រើនជាងអ្នកដែលឆ្លើយដោយបើកភ្នែក។ ហើយការដែលមានការរាក់ទាក់ពីអ្នកសួរអាចជួយឲ្យអ្នកដែលបិទភ្នែកកាន់តែឆ្លើយសំនួរបានល្អ។

    តើការរកឃើញនេះមានប្រយោជន៍អ្វីខ្លះ?

    សំរាប់អ្នកសិក្សា ការបិទភ្នែកនឹកដល់មេរៀនអាចជួយឲ្យគេចងចាំមេរៀនបានល្អជាងការដែលបើកភ្នែក ពីព្រោះការបិទភ្នែកអាចជួយកាត់បន្ថយការរំខានពីមជ្ឃដ្ឋានខាងក្រៅ។

    សំរាប់អជ្ញាធរមានសមត្ថកិច្ច ការរកឃើញនេះអាចឲ្យគេយកវិធីសាស្រ្តនេះទៅអនុវត្តក្នុងការសួរសាក្សី។ គេអាចទទួលបានចម្លើយដែលមានភាពត្រឹមត្រូវកាន់តែល្អពីសាក្សី ប្រើសិនសាក្សីត្រូវបានសួរឲ្យផ្តល់ចំលើយដោយបិទភ្នែកនឹកគិត និងគ្មានអារម្មណ៍ថាមានសម្ពាធ។

    មូលហេតុដែលអ្នកគួរតែចាប់ផ្តើមថ្ងៃថ្មីដ៏ស្រស់ស្រាយជាមួយទឹកក្រូចឆ្មារ

    Photo from Flickr  by John Robinson
    ក្រោកពីព្រលឹមអ្នកពិតជាចង់បានអារម្មណ៍ស្រស់ថ្លាសំរាប់ការងាររបស់អ្នកពេញមួយថ្ងៃ។ អ្នកប្រហែលជាជ្រើសផឹកកាហ្វេដែលអាចនឹងផ្តល់ផលវិបាកដល់អ្នកទៅថ្ងៃក្រោយ។ ប៉ុន្តែអ្នកមិនគួរមើលរំលងភេសជ្ជៈងាយៗ ដែលអ្នកអាចធ្វើដោយខ្លួនឯងនោះទេ ។ ចំនាយក្រូចឆ្មារតែមួយចំនិត និងទឹកមួយកែវ ហើយផឹក២០នាទីមុនអាហារពេលព្រឹករបស់អ្នក អ្នកនឹងអាចទទួលបានសារៈប្រយោជន៍ជាច្រើនសំរាប់សុខភាពរបស់អ្នក។

    ហេតុអ្វីអ្នកគួរតែផឹកទឹកក្រូចឆ្មារសំរាប់ការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក?


    1. ទឹកក្រូចឆ្មារផ្តល់ថាមពល:
    2. ទឹកក្រូចឆ្មារមួយកែវអាចជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងថាមពលសំរាប់ការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក ដោយសារវាអាចជួយឲ្យផ្តល់ជាតិទឹកនិងអុកស៊ីសែនដល់ខ្លួនប្រាណរបស់អ្នក។
    3. ទឹកក្រូចឆ្មារពង្រឹងប្រព័ន្ធភាពសាុំ :
    4. ទឹកក្រូចឆ្មារសំបូរទៅដោយវីតាមីន C ដែលអាចជួយពង្រឹងប្រព័ន្ធភាពសាុំរបស់លោកអ្នកឲ្យរឹងមាំទប់ទល់នឹងជំងឺផ្សេងៗ។
    5. ទឹកក្រូចឆ្មារអាចជួយកាត់បន្ថយក្រួសក្នុងតំរងនោម និងក្រួសក្នុងប្រម៉ាត់ :
    6. អាស៊ីតស៊ីទ្រិចនៅក្នុងក្រូចឆ្មារជាសារធាតុដែលអាចទៅចាប់យកនិងបញ្ចេញចោលជាតិកាល់ស្យូមដែលបំរុងនឹងកកើតជាក្រួសនៅក្្នុងតំរងនោមរឺប្រម៉ាត់របស់អ្នក ហេតុនេះទឹកក្រូចឆ្មារមួយកែវរាល់ព្រឹកអាចជួយកាត់បន្ថយគ្រោះថ្នាក់ពីក្រួសតម្រងនោមរឺប្រមា៉ត់បាន។
    7. ទឹកក្រូចឆ្មារសំរួលដល់ការរំលាយអាហារ :
    8. ទឹកក្រូចឆ្មារអាចរំញោចចលនាបំពង់រំលាយអាហាររបស់អ្នក (ក្រពះ ពោះវៀន) ព្រមទាំងរំញោចឲ្យមានការបញ្ចេញនូវរសរំលាយអាហារដែលធ្វើឲ្យការរំលាយអាហារបានកាន់តែល្អ។
    9. ទឹកក្រូចឆ្មារសំរួលការបញ្ចេញចោល :
    10. ទឹកក្រូចឆ្មារមានឥទ្ធិពលជំរុញការបញ្ចេញកាកសំនល់ពីបំពង់រំលាយអាហារតាមរយៈចលនារបស់ពោះវៀនដែលរុញកាកសំនល់បញ្ចេញតាមពោះវៀនធំ ព្រមទាំងជំរុញការបញ្ចេញជាតិពុលតាមរយៈទឹកនោម។
    11. ទឹកក្រូចឆ្មារអាចជួយអ្នកសម្រកទំងន់ :
    12. ទឹកក្រូចឆ្មារមួយកែវរៀងរាល់ថ្ងៃអាចជួយកាត់ជំរុញរាងកាយអ្នកឲ្យដុតបំផ្លាញជាតិខ្លាញ់។
    13. ទឹកក្រូចឆ្មារផ្តល់ជាតិទឹកដល់រាងកាយ :
    14. ការផឹកឲ្យបានច្រើនជារៀងរាល់ថ្ងៃជាការចាំបាច់សំរាប់រាងកាយមនុស្ស។ ការផឹកទឹកក្រូចឆ្មារគឺជាវិធីមួយដែលអាចឲ្យរាងកាយអ្នកទទួលបានជាតិទឹកប្រកបដោយឱជារសរបស់ក្រូចឆ្មារ។

    ផលវិបាកនៃការអង្គុយយូរពេក

    នេះប្រហែលជាដំនឹងល្អសំរាប់ជាងកាត់សក់ ប៉ុន្តែក៏ជាដំនឹងមិនល្អសំរាប់អ្នកធ្វើការលើកៅអីពូក។

    ការសិក្សាមួយរបស់សកលវិទ្យាល័យ Health Network ក្នុងប្រទេសកាណាដា ដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Annals of Internal Medicines​​ នៅថ្ងៃទី២០ ខែមករា កន្លងទៅនេះបានរកឃើញថារយៈពេលដែលមនុស្សចំនាយក្នុងការអង្គុយមានទំនាក់ទំនងទៅនិងការកើតជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងការស្លាប់។ ការសិក្សាដដែលនេះបានបញ្ជាក់ថាអត្រាគ្រោះថ្នាក់នឹងកើនឡើងចំពោះអ្នកដែលមិនហាត់ប្រាណ។

    ​​​                         ចង់ដឹង៖​  មូលហេតុដែលធ្វើឲ្យអ្នកគួរតែធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់

    នៅក្នុងការសិក្សានោះ អ្នកវិទ្យាសាស្រ្តពុំទាន់បានរកឃើញនិងកំណត់នៅឡើយនូវរយៈពេលអង្គុយដែលចាត់ទុកថាយូរ​ ហើយអ្នកវិទ្យាសាស្រ្តទាំងនោះក៏មិនទាន់កំណត់បាននៅឡើយថាតើការហាត់ប្រាណប្រចាំថ្ងៃប៉ុន្នានម៉ោងទើបអាចប៉ះប៉ូវរយៈពេលដែលអ្នកអង្គុយប្រចាំថ្ងៃបាន ដោយរង់ចាំការសិក្សាស៊ីជំរៅបន្ថែមទៀត។​ ទោះជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិត Alter ដែលជាអ្នកចូលរួមក្នុងការសិក្សានោះបានផ្តល់ដំបូន្នានថា​ ការកាត់បន្ថយរយៈពេលអង្គុយ ហើយនឹងការហាត់ប្រាណអាចជួយឲ្យយើងកាត់បន្ថយគ្រោះថ្នាក់ទាំងនេះបាន។ លោកបានបន្ថែមថា ដើម្បីកាត់បន្ថយរយៈពេលអង្គុយនេះ លោកអ្នកគួរតែចំនាយពេលក្រោកឈរ១ ទៅ២នាទីរៀងរាល់៣០នាទីម្តងនៅពេលកំពុងធ្វើការ។

    តើអ្នកដឹងអ្វីខ្លះពីសុខភាពមាត់ធ្មេញ?

    សុខភាពមាត់ធ្មេញជាបញ្ហាសំខាន់សំរាប់មនុស្សគ្រប់រូប។ ក្រៅពីជួយក្នុងការំលាយអាហារ មាត់និងធ្មេញក៏ជាកត្តាជួយសម្រស់និងការធ្វើទំនាក់ទំនងរបស់មនុស្សផងដែរ។​ អាស្រ័យហេតុនេះ ការយកចិត្តទុកដាក់ចំពោះសុខភាពមាត់ធ្មេញគឺជាការចាំបាច់ខ្លាំង។ នៅពេលនេះយើងសូមលើកយកនូវចំនេះដឹងមួយចំនួនទាក់ទងសុខភាពមាត់ធ្មេញមកនិយាយ។

    ជំងឺមាត់ធ្មេញដែលគេប្រទះជាញឹកញាប់មានអ្វីខ្លះ?

    ជំងឺដង្កូវស៊ីធ្មេញ ជំងឺអញ្ចាញធ្មេញ ជំងឺមហារីកមាត់ ការរបួសដែលបណ្តាលមកពីគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងជំងឺដែលបង្កដោយមេរោគក្នុងក្រអូមមាត់ គឺជាប្រភេទជំងឹដែលគេប្រទះញាក់ញាប់ជាងគេ។

    • នៅទូទាំងពិភពលោក ក្មេងៗប្រហែល ៦០ទៅ៩០% និងមនុស្សធំស្ទើរតែ១០០% មានជំងឺដង្កូវស៊ីធ្មេញ។
    • ជំងឺដង្កូវស៊ីធ្មេញអាចការពារបានតាមរយៈការរក្សាបរិមាណតិចនៃជាតិផ្លអរ៉ាយក្នុងមាត់។
    • ជំងឺអញ្ចាញធ្មេញបានធ្វើឲ្យមនុស្សវ័យកណ្ដាល(៣៥-៤៤ឆ្នាំ) ១៥​ ទៅ២០% ជ្រុះធ្មេញ។
    • ជំងឺមាត់់ធ្មេញភាគច្រើនកើតទៅលើអ្នកដែលមានជីវភាពខ្វះខាត។
    • កត្តាដែលនាំឲ្យមានបញ្ហាមាត់និងធ្មេញគឺ ការបរិភោគអាហារមិនល្អ ការជក់បារី ការបរិភោគសុរា ព្រមទាំងការខ្វះអនាម័យមាត់ធ្មេញ។
    តើយើងត្រូវរក្សាសុខភាពមាត់ធ្មេញដូចម្តេច?
    • បន្ថយការបរិភោគចំនីអាហារ​ រឺផឹកភេសជ្ជៈដែលមានជាតិស្ករ។
    • បរិភោគបន្លែ រឺផ្លែឈើដែលអាចជួយការពារអ្នកពីជំងឺមហារីកមាត់
    • បញ្ឈប់ការជក់បារី និងបន្ថយការផឹកជាតិអាល់កុល។ ការនេះអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកមាត់ព្រមទាំងជំងឺអញ្ចាញធ្មេញផងដែរ។
    • ត្រូវរក្សាអនាម័យមាត់ធ្មេញឲ្យបានល្អ។ ការដុសធ្មេញដែលមានជាតិផ្លអរ៉ាយគឺជាវិធីមួយយ៉ាងល្អក្នុងការរក្សាសុខភាពមាត់និងធ្មេញរបស់អ្នក។
    • ពាក់មួកសុវត្ថិភាពនៅពេលធ្វើដំនើរ រឺប្រតិបត្តិការកាងារផ្សេងៗដែលអាចមានគ្រោះថ្នាក់ដល់មាត់និងធ្មេញរបស់អ្នក។

    ហេតុអ្វីអ្នកមិនគួរបរិភោគប្រៃពេក?

    អំបិលត្រូវបានគេស្គាល់ជាទូទៅថាជាគ្រឿងផ្សំយ៉ាងសំខាន់នៅក្នុងការចំអិនអាហារ។ ប៉ុន្តែផលអាក្រក់បណ្តាលមកពីការបរិភោគអំបិលច្រើនពេកប្រហែលជាមិនត្រូវបានគេដឹងទូទៅនោះទេ។ ខាងក្រោមនេះ ខ្ញុំសូមលើកយកនូវគុណវិបត្តិមួយចំនួនដែលអាចបណ្តាលមកពីការបរិភោគអំបិលរឺជាតិប្រៃច្រើនពេក។
    1. សម្ពាធឈាមកើនឡើង
    2. ជាតិសូដ្យូមនៅក្នុងអំបិល អាចធ្វើឲ្យសរសៃឈាមរក្សាជាតិទឹក​តាមរយៈចលនការ​ អូស្មូស។ កាលណា សូដ្យូមមានវត្តមានកាន់តែច្រើនក្នុងសរសៃឈាម វានឹងធ្វើឲ្យសរសៃឈាមស្រូបទឹកទុកកាន់តែច្រើន ដែលធ្វើឲ្យសម្ពាធឈាមកើនឡើង(លើសឈាម)។
    3. ជំងឺមហារីក
    4. ការស្រាវជ្រាវបានបង្ហាញថាអំបិល រឺអាហារមានជាតិប្រៃផ្សេងទៀតអាចជាមូលហេតុមួយនេះជំងឺមហារីកក្រពះ។
    5. សរសៃអារទែតូចៗ
    6. ជាតិសូដ្យូមក្នុងឈាមធ្វើឲ្យសម្ពាធឈាមកើនឡើង។ ការកើនឡើងនៃសម្ពាធឈាមនេះបង្កើនបន្ទុកក្នុងសរសៃអារទែតូចៗ ដែលធ្វើឲ្យសរសៃអារទែតូចៗទាំងនេះបង្កើននូវសាច់ដំុរលោងតូចៗនៅជុំវិញនោះ។ ការនេះធ្វើអោយសរសៃអារទែតូចៗទាំងនេះរួមកាន់តែតូច ដែលធ្វើឲ្យឈាមពិបាកឆ្លងកាត់ ឬអាចបណ្តាលឲ្យបែកសរសៃអារទែតូចៗនេះតែម្តង កាលណាយើងបរិភោគអំបិលច្រើនរយៈពេលយូរ។​ មូលហេតុខាងដើម នឹងធ្វើឲ្យមានបញ្ហាដល់សរីរាង្គសំខាន់ៗមួយចំនួនដែលត្រូវការចំនីអាហារ និងអុកស៊ីសែន ដែលដឹកនាំដោយឈាមតាមសរសៃអារទែតូចៗទាំងនោះ។សរីរាង្គសំខាន់ៗទាំងនោះមាន៖
      • បេះដូង
      • កាលណាឈាមទៅចិញ្ចឹមបេះដូងថយចុះ មានន័យថាអុកស៊ីសែន និងអាហារដែលទៅចិញ្ចឹមសាច់ដុំបេះដូងក៏ថយចុះដែរ។​ ការដែលទទួលអុកស៊ីសែន និងអាហារមិនគ្រប់គ្រាន់នេះ នឹងធ្វើឲ្យបេះដូងពិបាកធ្វើការ (កន្ត្រាក់)។​ កាលណាយើងបរិភោគអំបិលច្រើនរយៈពេលយូរ អាចធ្វើឲ្យឈាមមិនអាចឆ្លងកាត់អារទែតូចៗនេះ ឬបែកសរសៃអារទែតូចៗនេះតែម្តង ដែលធ្វើឲ្យគ្មានអុកស៊ីសែន និងអាហារទៅចិញ្ចឹមបេះដូងហើយធ្វើឲ្យគាំងបេះដូង។
      • ខួរក្បាល
      • មិនត្រឹមតែសរសៃអារទែតូចៗដែលទៅចិញ្ចឹមបេះដូងប៉ុណ្ណោះទេដែលរងការប៉ះពាល់ សូម្បីតែសរសៃអារទែតូចៗដែលទៅចិញ្ចឹមខួរក្បាលក៏រងផលប៉ះពាលផងដែរ។ ការបរិភោគអំបិលច្រើនរយៈពេលយូរ អាចធ្វើឲ្យឈាមមិនអាចឆ្លងកាត់អារទែតូចៗនេះ ឬបែកសរសៃអារទែតូចៗនេះតែម្តង ដែលបណ្តាលឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល។ 

        ខាងក្រោមនេះគឺជាវីដេអូខ្លីដែលពន្បល់អំពីចលនាការនៃជំងឺដាច់សរសៃឈាមខួរក្បាល (Stroke)

    អត្ថប្រយោជន៍​ ១១​ យ៉ាងរបស់ខ្ញីដែលអ្នកមិនធ្លាប់ដឹង

    អ្នកប្រហែលជាធ្លាប់ញាុំម្ហូបដែលចំអិនដោយមានខ្ញីច្រើនដងហើយ។ ប៉ុន្តែអ្នកប្រហែលជាមិនដឹងទេថា គ្រឿងទេសដែលត្រូវបានគេយកមកចអិនចំនីអហារមួយនេះ មានប្រយោជន៍ច្រើនផងដែរសំរាប់សុខភាព។ ផលប្រយោជន៍របស់ខ្ញីដែលយើងនឹងបង្ហាញខាងក្រោមនេះ នឹងធ្វើឲ្យអ្នកចង់ញាុំឆាខ្ញីជាមិនខានសំរាប់អាហារពេលល្ងាចនេះ។


    1. ជួយសំរួលឈាមរត់៖ខ្ញីមានផ្ទុកជាតិ ក្រូម៉ូញ៉ូម(chromonium) ម៉ាញេស្យូម និងស័ង្កសី ដែលអាចជួយសំរួលចលនាឈាមរត់។ លើសពីនេះវាអាចជួយការពារគ្រុនក្តៅ និងការបែកញើសច្រើនផងដែរ។
    2. ការពារការពុលយានជំនិះពេលធ្វើដំនើរ៖គេមិនទាន់ដឹងប្រកដនៅឡើយទេ ពីមូលហេតុដែលធ្វើឲ្យខ្ញីអាចមានប្រសិទ្ធិភាពការពារការពុលយានជំនិះ។ ទោះជាយ៉ាងណាក៏ដោយការសិក្សាទៅលើអ្នកធ្វើដំណើរតាមទូកបានបង្ហាញថា អ្នកដែលបានប្រើម្សៅខ្ញីមានអាការៈពុលរលកតិចជាងអ្នកដែលមិនទទួលបានម្សៅខ្ញី។
    3. ជួយការស្រូបចំនីអាហាររបស់ពោះវៀន៖ខ្ញីមានឥទ្ធិពលសំរួលដល់ការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗពីចំនីអាហារ របស់ពោះវៀន។ ឥទ្ធិពលនេះគឺកើតឡើងដោយសារខ្ញីអាចរំញោចក្រពះ និងលំពែងឲ្យបញ្ចេញអង់ស៊ីមដែលសំរួលដល់ការំលាយអាហារ។
    4. ព្យាបាលអាការៈរបស់ផ្តាសាយ៖ខ្ញីត្រូវបានគេប្រើប្រាស់ជាច្រើនពាន់ឆ្នាំមកហើក្នុងការព្យាបាលអាការៈរបស់ផ្តាសាយ។ មជ្ឈមណ្ឌលវេជ្ជសាស្រ្តនៃសកលវិទ្យាល័យ Maryland បានណែនាំថាដើម្បីព្យាបាលអាការៈផ្តាសាយសំរាប់មនុស្សធំ អ្នកអាចចិតខ្ញីដាក់ក្នុងទឹកក្តៅហើយផឹក ២ ទៅ៣ដងក្នុង១ថ្ងៃ។
    5. ប្រឆាំងការឈឺក្រពះ៖ខ្ញីមានប្រសិទ្ធិភាពដែលជួយសំរួលដល់ការរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹមពីអាហារ ដែលវាក៏អាចជួយការពារការឈឺក្រពះផងដែរ។ លើសពីនេះខ្ញីក៏មានផងដែរនូវឥទ្ធិពលបន្ថយការរលាក(inflammation) ស្រដៀងទៅនឹងឥទ្ធិពលរបស់ថ្នាំអាស្ពីរីន និងថ្នាំ Ibuprofen។
    6. ការពារមហារីកពោះវៀនធំ៖ ការស្រាវជ្រាវរបស់ សកលវិទ្យាល័យ Minnesota បានរកឃើញថាខ្ញីអាចបន្ថយល្បឿននៃការលូតលាស់របស់កោសិកាមហារីកនៅពោះវៀនធំ(colorectal cancer cells) បាន។
    7. បន្ថយការឈឺចាប់ និងការរលាក (inflammation)៖ខ្ញីមានផ្ទុកសារធាតុបំបាត់ការឈឺចាប់តាមបែបធម្មជាតិដ៏មានឥទ្ធិពល។
    8. ជួយសំរួលផ្លូវដង្ហើម៖ខ្ញីមានសមត្ថភាពអាចធ្វើឲ្យសួតរីក និងជួយបញ្ចេញស្លេស្ម ដែលអាចជួយឲ្យអ្នកដែលមានបញ្ហាដូចជាក្អកជាដើមឆាប់បាត់ទៅវិញ។
    9. ការព្យាបាលមហារីកអូវែ៖ខ្ញីត្រូវបានគេរកឃើញថាមានឥទ្ធិពលសំលាប់កោសិកាមហារីករបស់មហារីកអូវែបាន។
    10. ពង្រឹងប្រព័ន្ធភាពសាុំរាងកាយ៖ការញុាំខ្ញីបន្តិចបន្តួចក្ ុងមួយថៃ្ងអាចជួយបន្ថយការបង្ករោគដោយបាក់តេរីនៅក្នុងក្រពះ ព្រមទាំងជួយឲ្យអ្នកឈ្នះជំងឺរលាកបំពង់កនិងក្អកទៀតផង។
    11. ការពារជំងឺដាច់សរសៃឈាមខួរក្បាល៖ការញាុំខ្ញីអាចធ្វើឲ្យគ្រោះថ្នាក់ដោយសារជំងឺដាច់សរសៃឈាមថយចុះ ដោយសារក្នុងខ្ញីមានសរធាតុដែលអាចទប់ស្កាត់មិនឲ្យសារធាតុខ្លាញ់ទៅកកនឹងសរសៃឈាម។


    ប្រភព៖ Lifehack.com
    ប្រែសំរួលដោយ៖ ស៊ីណែត

    ុ
    ុ

    ផលប្រយោជន៍ ២ នៃការរៀនភាសាបរទេសដែលអ្នកមិននឹកស្មានដល់

    ុ
    ក្នុងសម័យកាលសកលភាវូបនីយកម្មនេះ ការចេះភាសាបរទេសមានសារៈសំខាន់ណាស់ក្នុងការជួយឲ្យយើងអាចធ្វើការទំនាក់ទំនង និងដើម្បីអាចមានការងារល្អធ្វើ។ ប៉ុន្តែការរៀនភាសាបរទេស ជាពិសេសនៅពេលដែលយើងពេញវ័យហើយនោះមិនមែនជាការងាយស្រួលនោះទេ។ ទោះជាយ៉ាងនេះក៏ដោយ អ្នកមិនគួរឲ្យការលំបាកបន្ទុចបង្អាក់អ្នកឡើយ ពីព្រោះការរៀនភាសាបរទេសនឹងផ្តល់ផលប្រយោជន៍ច្រើនជាងអ្វីដែលអ្នកធ្លាប់គិតទៅទៀត។

    ការរៀនភាសាអាចជួយដល់សមត្ថភាពខួរក្បាល៖
    អ្នកវិទ្យាសាស្ត្របានប្រៀបប្រដូចខួរក្បាលទៅនឹងសាច់ដុំដែលត្រូវការប្រើប្រាស់ជាប្រចាំដើម្បីឲ្យមាំមួន។ ការស្រាវជ្រាវមួយរបស់សាស្ត្រាចារ្យ Ping Li នៃសកលវិទ្យាល័យ Penn State បានរកឃើញថាការរៀនភាសាធ្វើឲ្យកោសិកាខួរក្បាលបង្កើតនូវទំនាក់ទំនង (connection)កាន់តែច្រើន ដែលទំនាក់ទំនងទាំងនេះហើយដែលធ្វើឲ្យសមត្ថភាពខួរក្បាលកាន់តែប្រសើរ ជាពិសេសក្នុងការរៀនភាសាបន្ថែមទៀត។
    រូបភាព៖ ភាពខុសគ្នានៃទំនាក់ទំនងកោសិកាខួរក្បាលរបស់អ្នករៀន(a)  អ្នករៀនដោយមិនយកចិត្តទុកដាក់ (b)  និងមិនបានរៀនភាសា(b)  នៅក្នុងការពិសោធន៍របស់សាស្ត្រាចារ្យ Ping Li

    ការចេះ២ភាសាអាចជួយកាត់បន្ថយការចុះអន់ថយនៃខួរក្បាល៖
    ការចេះច្រើនជាង១ភាសាអាចជួយឲ្យខួរក្បាលដំណើរការល្អយូរជាងការចេះតែមួយភាសា។ Ellen Bialystok នៃ York University in Toronto, Ontario ព្រមជាមួយសហការី ដែលបានសិក្សាទៅលើអ្នកជំងឺ Alzheimer's (ជំងឺភ្លេចភ្លាំង)បានបញ្ជាក់ថាភាគច្រើននៃអ្នកដែលចេះតែមួយភាសាគឺឆាប់កើតជំងឺ Alzheimer's ជាមធ្យម៤ ទៅ៥ ឆ្នាំលឿនជាងអ្នកដែលចេះ២ភាសា។

    តើហេតុផលបន្ថែមទាំង២ខាងលើគ្រប់គ្រាន់ឲ្យអ្នកចង់រៀនភាសាបរទេសបន្ថែមដែរ រឺទេ?សំរាប់អ្នកដែលចង់ជម្រុញឲ្យកូនរៀនភាសាបរទេស ហេុតផលខាងលើនឹងធ្វើឲ្យគេចង់រៀនភាសាបន្ថែមជាមិនខាន។

    ប្រភព៖ បរទេស
    ប្រែសំរួលដោយ៖ ស៊ីណែត