ផលប្រយោជន៍ ២ នៃការរៀនភាសាបរទេសដែលអ្នកមិននឹកស្មានដល់


ក្នុងសម័យកាលសកលភាវូបនីយកម្មនេះ ការចេះភាសាបរទេសមានសារៈសំខាន់ណាស់ក្នុងការជួយឲ្យយើងអាចធ្វើការទំនាក់ទំនង និងដើម្បីអាចមានការងារល្អធ្វើ។ ប៉ុន្តែការរៀនភាសាបរទេស ជាពិសេសនៅពេលដែលយើងពេញវ័យហើយនោះមិនមែនជាការងាយស្រួលនោះទេ។ ទោះជាយ៉ាងនេះក៏ដោយ អ្នកមិនគួរឲ្យការលំបាកបន្ទុចបង្អាក់អ្នកឡើយ ពីព្រោះការរៀនភាសាបរទេសនឹងផ្តល់ផលប្រយោជន៍ច្រើនជាងអ្វីដែលអ្នកធ្លាប់គិតទៅទៀត។

ការរៀនភាសាអាចជួយដល់សមត្ថភាពខួរក្បាល៖
អ្នកវិទ្យាសាស្ត្របានប្រៀបប្រដូចខួរក្បាលទៅនឹងសាច់ដុំដែលត្រូវការប្រើប្រាស់ជាប្រចាំដើម្បីឲ្យមាំមួន។ ការស្រាវជ្រាវមួយរបស់សាស្ត្រាចារ្យ Ping Li នៃសកលវិទ្យាល័យ Penn State បានរកឃើញថាការរៀនភាសាធ្វើឲ្យកោសិកាខួរក្បាលបង្កើតនូវទំនាក់ទំនង (connection)កាន់តែច្រើន ដែលទំនាក់ទំនងទាំងនេះហើយដែលធ្វើឲ្យសមត្ថភាពខួរក្បាលកាន់តែប្រសើរ ជាពិសេសក្នុងការរៀនភាសាបន្ថែមទៀត។
រូបភាព៖ ភាពខុសគ្នានៃទំនាក់ទំនងកោសិកាខួរក្បាលរបស់អ្នករៀន(a)  អ្នករៀនដោយមិនយកចិត្តទុកដាក់ (b)  និងមិនបានរៀនភាសា(b)  នៅក្នុងការពិសោធន៍របស់សាស្ត្រាចារ្យ Ping Li

ការចេះ២ភាសាអាចជួយកាត់បន្ថយការចុះអន់ថយនៃខួរក្បាល៖
ការចេះច្រើនជាង១ភាសាអាចជួយឲ្យខួរក្បាលដំណើរការល្អយូរជាងការចេះតែមួយភាសា។ Ellen Bialystok នៃ York University in Toronto, Ontario ព្រមជាមួយសហការី ដែលបានសិក្សាទៅលើអ្នកជំងឺ Alzheimer's (ជំងឺភ្លេចភ្លាំង)បានបញ្ជាក់ថាភាគច្រើននៃអ្នកដែលចេះតែមួយភាសាគឺឆាប់កើតជំងឺ Alzheimer's ជាមធ្យម៤ ទៅ៥ ឆ្នាំលឿនជាងអ្នកដែលចេះ២ភាសា។

តើហេតុផលបន្ថែមទាំង២ខាងលើគ្រប់គ្រាន់ឲ្យអ្នកចង់រៀនភាសាបរទេសបន្ថែមដែរ រឺទេ?សំរាប់អ្នកដែលចង់ជម្រុញឲ្យកូនរៀនភាសាបរទេស ហេុតផលខាងលើនឹងធ្វើឲ្យគេចង់រៀនភាសាបន្ថែមជាមិនខាន។

ប្រភព៖ បរទេស
ប្រែសំរួលដោយ៖ ស៊ីណែត

Post a Comment