វិធីសាស្រ្តបង្កើនសមត្ថភាពខួរក្បាល

មនុស្សភាគច្រើនតែងតែគិតថា ខួរក្បាលរបស់មនុស្សចាស់មិនអាចរៀនអ្វីដែលថ្មី រឺមានការចង់ចាំល្អដូចក្មេងៗឡើយ។ ការគិតបែបនេះត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថាមិនត្រូវទេ ពីព្រោះទោះបីជាស្ថិតនៅក្នុងវ័យណាក៏ដោយ កោសិកាប្រសាទនៅតែមានលទ្ធភាពបង្កើតទំនាក់ទំនងជាមួយកោសិកាប្រសាទផ្សេងទៀតក្នុងខួរក្បាលមនុស្ស ដែលទំនាក់ទំនងនេះហើយជាមូលដ្ឋានគ្រឹះនៃការចងចាំ និងសមត្ថភាពដោះស្រាយបញ្ហាផ្សេងៗ។ ការបង្កើតទំនាក់ទំនងនេះមិនមែនចេះតែកើតដោយឯកឯងនោះទេ គឺចំបាច់ត្រូវមានកត្តាផ្សេងៗចូលរួម។ ខាងក្រោមនេះគឺជាវិធីសាស្ត្រដើម្បីអោយកើតទំនាក់ទំនងរវាងកោសិកាប្រសាទ ដែលនឹងធ្វើអោយសមត្ថភាពខួរក្បាលរបស់អ្នកកាន់តែប្រសើរឡើង។

ហ្វឹកហាត់ខួរក្បាល
ខួរក្បាលរបស់មនុស្សប្រៀបដូចសាច់អញ្ចឹង កាលណាយើងហ្វឹកហាត់កាន់តែច្រើន វាក៏នឹងកាន់តែខ្លាំងតាមនោះដែរ។ សំនួរសួរថា តើគួរហ្វឹកហាត់ខួរក្បាលតាមវិធីណា? វិធីសាស្រ្តងាយៗក្នុងការហ្វឹកហាត់ខួរក្បាល គឺជាប់ទាក់ទងនឹងការរៀនរបស់ថ្មីៗដូចជារៀនភាសាបរទេស រៀនលេងឧបករណ៍តន្រ្តីជាដើម រៀនលេងអុក និងរៀនដោះស្រាយចំនោទបញ្ហាផ្សេងៗ និងការអានសៀវភៅជាដើម។ ការហ្វឹកហាត់នេះនឹងធ្វើអោយកោសិកាប្រសាទបង្កើតទំនាក់ទំនងរវាងគ្នាវាកាន់តែច្រើន ហេតុនេះហើយទើប សិស្សដែលពូកែគណិត រឺមុខវិជ្ជាផ្សេងៗ ច្រើនតែជាសិស្សដែលធ្វើលំហាត់ រឺអានបានច្រើន។ កាលណាយើងកាន់តែគិត កាន់តែរៀន កោសិកាខួរក្បាលកាន់តែបង្កើតទំនាក់ទំនង ហើយទំនាក់ទំនងនេះនឹងស្ថិតនៅជាប់ក្នុងខួរក្បាលប្រៀបដូចខ្សែសៀគ្វីនៅលើបន្ទះឈីប អញ្ចឹងដែរ។

ហាត់ប្រាណ
ការហាត់ប្រាណក៏មានសារសំខាន់ខ្លាំងណាស់ដែរសំរាប់ខួរក្បាលក៏ដូចជាដងខ្លួនទាំងពីព្រោះវាជាអ្នកជួយអោយប្រព័ន្ធសរសៃឈាមនាំអុកស៊ីសែនចិញ្ចឹមសរីរាង្គផ្សេងៗទៀតបានល្អ ហើយក្នុងនោះក៏មានខួរក្បាលផងដែរ ដែលខួរក្បាលគឺជាសរីរាង្គដែលត្រូវការអុកស៊ីសែនរហូតដល់៣០% នៃអុកស៊ីសែនសរុបដែលចាំបាច់សំរាប់រាងកាយទាំងមួល។ ការហាត់ប្រាណដែលមានប្រយោជន៍សំរាប់ខួរក្បាលបំផុតក៏ជាការហាត់ប្រាណបែប អាអេរ៉ូប៊ី (ជាការហាត់ប្រាណធម្មតាដែលមិនត្រូវការប្រើថាមពលខ្លាំង) ដូចជាការរាំ ការជិះកង់ រឺរត់ជាដើម។ ដូច្នេះ អ្នកគួរតែហាត់ប្រាណជាប្រចាំ។

គេងអោយបានគ្រប់គ្រាន់
អ្នកវិទ្យាសាស្រ្តបានរកឃើញថាទិន្នន័យជាច្រើនទាក់ទងនឹងការចងចាំរឺការដោះស្រាយបញ្ហាផ្សេងៗត្រូវបានកត់ចូលទៅក្នុងខួរក្បាលនៅពេលដែលមនុស្សកំពុងគេងលក់។ ហេតុនេះហើយទើបការគេងមានសារៈសំខាន់ណាស់ដើម្បីអោយសមត្ថភាពខួរក្បាលប្រសើរឡើង និងបង្កើនការចងចាំ។ អ្នកវិទ្យាសាស្ត្រមិនអាចកំនត់ជាក់លាក់ថាមនុស្សម្នាក់ៗត្រូវការគេងប៉ុន្មានម៉ោងអោយជាលាក់នោះទេ ប៉ុន្តែពួកគេបានឯកភាពគ្នាថាជាទូទៅមនុស្សធំត្រូវការគេងចន្លោះពី៧ ទៅ៩ ម៉ោង។ សំរាប់រយៈពេលគេសំរាប់ក្រុមមនុស្សផ្សេងទៀតសូមចូលទៅកាន់ SLEEPFOUNDATION.ORG។

ចំនាយពេលវេលាបង្កើនចំនងមិត្តភាពជាមួយមនុស្សជុំវិញខ្លួន
មនុស្សយើងជាសត្វដែលមានទំនាក់ទំនងជាមួយគ្នាខ្ពស់។ មនុស្សកើតមកមិនមែនដើម្បីរស់នៅម្នាក់ឯងទេ។ ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃក៏ជារំញោចមួយដែលជួយអោយក៏សិការប្រសាទភ្ញាប់គ្នាធ្វើអោយខួរក្បាលកាន់តែខ្លាំង។ តាមការស្រាវជ្រាវមួយរបស់សកលវិទ្យាល័យហាវឺដ បានរកឃើញថាក្រុមមនុស្សដែលរស់នៅដែលមានការគាំទ្រពីអ្នកជុំវិញខ្លួន និងមានទំនាក់ទំនងក្នុងសង្គមល្អមានអត្រាបាត់បង់សមត្ថភាពចងចាំនិងចំនេះដឹងតិចជាងមនុស្សធម្មតា។

សើចអោយបានច្រើន
យើងប្រហែលជាធ្លាប់តែលឺគេនិយាយថាសំនើចគឺជាឱសថបំបាត់ទុក្ខកង្វល់។ ជាការពិតណាស់ សំនើចគឺជាឱសថដែលធ្វើអោយយើងរីករាយភ្លេចទុក្ខកង្វល់ ហើយវាក៏ជាឱសថដែលល្អខួរក្បាលរបស់យើងផងដែរ។ នៅពេលដែលយើងសើច ផ្នែកជាច្រើននៃខួរក្បាលត្រូវបានរំញោច។ លើសពីនេះ សំនើចធ្វើអោយបន្ថយអរម៉ូនស្ត្រេសដែលធ្វើអោយប៉ះពាល់ដល់ខួរក្បាល។
ការស្តាប់រឿងកំប្លែង ការសើចកំសាន្តអាចជួយអោយធ្វើអោយដំនើរការនូវតំបន់ដែលចាំបាច់សំរាប់ការរៀនសូត្រនិងភាពច្នៃប្រឌិតនៅលើខួរក្បាល។ ចិត្តវិទូ ដាណែល ហ្គូលម៉េន បានសរសេរនៅក្នុងសៀវភៅ ភាពឈ្លាសវៃផ្នែកអារម្មណ៍ ថាការសើចជួយអោយមនុស្សគិតបានទូលំទូលាយ។

ពិសារអាហារដែលជួយដល់ខួរក្បាល
ក៏ដូចជាសរីរាង្គផ្សេងទៀតដែរ ខួរក្បាលត្រូវការអាហារដើម្បីថាមពល។ ដូច្នេះការបរិភោគអាហារសំខាន់ណាស់ ប៉ុន្តែមិនមែនគ្រប់អាហារសុទ្ធតែល្អសំរាប់ខួរក្បាលនោះទេ។ ដើម្បីខួរក្បាលរបស់អ្នក អ្នកគួរតែឧស្សាហ៍បរិភោគត្រី គ្រាប់ធញ្ញជាតិ គ្រាប់ផ្កាឈូករ័ត្ន បន្លែពណ៌បៃតង ផ្លែឈើ ដូចជាផ្លែទទឹម និងផ្លែបឺរជាដើម។ ជាតិអាល់កុលត្រូវបានគេរកឃើញថាអាចសំលាប់កោសិកាប្រសាទ តែផ្ទុះទៅវិញបើសិនជាអ្នកពិសារស្រាទំពាំងបាយជូរក្នុងបរិមានតិចតូចវានឹងជួយខួរក្បាលរបស់អ្នក។


ប្រភព http://www.dailymail.co.uk/health/article-2609427/Could-laughter-best-way-improving-memory-Older-people-better-short-term-recall-watching-comedy.html https://hbr.org/2014/05/a-social-brain-is-a-smarter-brain/ http://www.health.com/health/gallery/thumbnails/0,,20434658,00.html

Post a Comment