តើគួររៀនភាសាអង់គ្លេសដោយខ្លួនឯងដូចម្តេច?

     ដើម្បីអាចរៀនភាសាអង់គ្លេសឲ្យមានប្រសិទ្ធិភាព ការរៀនសូត្រមិនមែនកំនត់នៅតែក្នុងថា្នក់ ជាមួយគ្រូបង្រៀនប៉ុន្នោះទេ តែវាក៏ទាក់ទងផងដែរទៅនឹងការខិតខំរបស់អ្នកសិក្សាខ្លួនឯងផ្ទាល់។ នៅក្នុងថា្នក់ លោកគ្រូអ្នកគ្រូគ្រាន់តែជាអ្នកបង្ហាញផ្លួវ និងត្រួសត្រាយផ្លូវខ្លះៗប៉ុន្នោះ ប៉ុន្តែដើម្បីឲ្យដល់គោលដៅគឺអ្នកសិក្សាខ្លួនឯងទៅវិញទេ។ 
      តើខ្ញុំគួរៀនអង់គ្លេសដូចម្តេចនៅពេលគ្មានវត្តមានរបស់គ្រូ?
    
      ការរៀនភាសាអង់គ្លេស ក៏ដូចជាភាសាបរទេសដទៃទៀតដែរ គឺមិនមែន ជារឿងងាយស្រួលប៉ុន្មាននោះទេ តែក៏មិនមែនពិបាករហូតដល់រៀនមិនចេះនោះដែរ។ ខាងក្រោមនេះគឺជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ក្នុងការរៀនភាសាអង់គ្លេស ដែលបទពិសោធនេះខ្ញុំក៏បានយកទៅអនុវត្តចំពោះការរៀនភាសាបារាំងផងដែ។

  1. អាន អាន អាន៖ ក្នុងការរៀនភាសាការអានមានសារៈសំខាន់ណាស់ ពីព្រោះវាអាចឲ្យយើងមានភាពងាយស្រួលក្នុងការរកពាក្យពិបាក។ ក្នុងការអានអ្នកត្រូវតែមានជាប់ខ្លួននូវវចនានុក្រម highlighter សៀវភៅសរសេរនិងប៊ិច រឺខ្មៅដៃជាដើម។ និយាយដល់ត្រឹមនេះអ្នកប្រកដជាដឹងហើយថាយើងគួរធ្វើដូចម្តេចនៅពេលកំពុងអាននោះ។ ការកត់ត្រានេះអាចជួយឲ្យអ្នកមានការចងចាំអ្នកពាក្យដែលអ្នកបានជួប ហើយសៀវភៅដែលអ្នកបានកត់នេះ វាអាចឲ្យអ្នករំលឹកនូវពាក្យដែលអ្នកធ្លាប់បានរៀនផងដែរ។ តើសៀវភៅដូចម្តេចអ្នកគួរអាន? ចំលើយគឺ អ្នកគួរតែរកសៀវភៅណាដែលសមនិងកំរិតរបស់អ្នក ហើយជាប្រភេទសៀវភៅដែលអ្នកចូលចិត្ត ឧទាហរណ៍រឿងនិទានជាដើម។ ក្រៅពីសៀវភៅអ្នកក៏អាចអានអត្ថបទនៅលើអ៊ិនធើណិត ដោយជ្រើសរើសអត្ថបទដែលសមស្របសំរាប់រូបអ្នក។
  2. ស្តាប់ ៖ នៅក្នុងទំនាក់ទំនងការស្តាប់មានគឺជារឿងមួយមិនអាចមើលរំលង។ ហេតុនេះអ្នករៀនភាសាគ្រប់រូបគប្បីយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍សមត្ថភាពក្នុងការស្តាប់។ តើយើងហ្វឹកហាត់ការស្តាប់ដូចម្តេច? សំរាប់សមត្ថភាពក្នុងការស្តាប់អ្នកត្រូវទំលាប់ខ្លួនស្តាប់ចំរៀង ជាភាសាអង់គ្លេស រឺក៏ស្តាប់ audio ផ្សេងៗជាដើម។ បន្ថែមលើការអភិវឌ្ឍសមត្ថភាពក្នុងការស្តាប់ ចំរៀងអាចជួយឲ្យអ្នកមានអារម្មណ៍ល្អ ព្រមទាំងធ្វើឲ្យអ្នកមានការស្រលាញ់និងកាន់តែមានចិត្តចង់រៀននូវភាសាដែលអ្នកកំពុងរៀនផងដែរ។ ក្រៅពីចម្រៀងនិង audio ផ្សេងៗដែលបង្កើតសំរាប់ឲ្យអ្នករៀន អ្នកអាចស្តាប់វិទ្យុជាភាសាអង់គ្លេស និងមើលភាពយន្តជាភាសាអង់គ្លេសផងដែរ។ ការមើលភាពយន្តអាចឲ្យអ្នកអភិវឌ្ឍទាំងការស្តាប់ និងការបញ្ចេញសំលេង។
  3. សរសេរ ៖ នៅក្នុងទំនាក់ទនងជាផ្លូវការភាគច្រើនទាមទារឲ្យអ្នកចេះសរសេរដូចជាការសរសេរសារអេឡិចត្រូនិច ការសរសេររបាយការណ៍ជាដើម។ បន្ថែមលើការរៀនវេយ្យករណ៍ ដើម្បីអភិវឌ្ឍសមត្ថភាពសរសេរនេះ នេះគប្បីអានអត្ថបទជាភាសាអង់គ្លេសនេះឲ្យបានច្រើន។ អត្ថបទទាំងនេះអាចជា រឿងនិទាន ទស្សនាវដ្ដី រឺជាអត្ថបទសារពត៌មានផ្សេងៗ។ នៅក្នុងសម័យកាលអ៊ិនធើណិតនេះ អ្នកអាចអានអត្ថបទជាភាសាអង់គ្លេសបានយា៉ាងស្រួលនៅលើទូរសព្ទដៃ រឺកំុព្យូទ័ររបស់អ្នក ដោយអ្នកគ្រាន់តែចូលទៅក្នុងគេហទំព័រពត៌មានជាភាសាអង់គ្លេសដែលមានដូចជា The Cambodia Daily, Phnom Penh Post, BBC ជាដើម។ បន្ទាប់ពីអាន អ្នកក៏ត្រូវហាត់សរសេរដោយព្យាយាមគិតទៅលើក្បួនវេយ្យករណ៍ សរសេរឲ្យល្អបំផុតតាមតែអាចធ្វើទៅបាន។ បន្ទាប់មកអ្នកអាចយកអត្ថបទនោះទៅឲ្យមិត្តភក្តិ រឺគ្រូរបស់អ្នកជួយមើល រីមួយអ្នកអាច post វាក្នុង facebook របស់អ្នក។
  4. និយាយ ៖ ការនិយាយភាសាអង់គ្លេស ជារឿងដែលងាយស្រួលសំរាប់អ្នកសិក្សាខ្លះ ហើយក៏ពិបាកសំរាប់អ្នកសិក្សាខ្លះទៀត។ ភាគច្រើននៃមូលហេតុដែលធ្វើឲ្យការនិយាយមានភាពលំបាកគឺ ភាពខ្មាស់អៀន។ ប៉ុន្តែដោយហេតុថា ការនិយាយក៏មានសារសំខាន់ខ្លាំងណាស់ដែរនៅក្នុងការរៀនភាសា អ្នកគួតែជំនះភាពខ្មាស់អៀន ហើយប្រឹងនិយាយច្រើនបំផុតតាមតែអាចធ្វើបាន ដោយមិនចាំបាច់ខ្វល់ពីខុសវេយ្យករណ៍អ្វីឡើយ។ បន្តិចម្តងៗ អ្នកនឹងអាចនិយាយបាន ហើយកំហុសរបស់អ្នកក៏និងអាចកាត់បន្ថយបានផងដែរ។ ដើម្បីជំនះភាពខ្មាស់អៀននេះ អ្នកត្រូវគិតថា " និយាយមិនត្រូវវេយ្យករណ៍មិនសំខាន់ សំខាន់គឺនិយាយឲ្យដៃគូសន្ទនារបស់យើងអាចយល់បាន"។ 
     ខ្្ញុំសង្ឃឹមថាបទពិសោធន៍របស់ខ្ញុំនេះ មានប្រយោជន៍សំរាប ់អ្នក។ បើសិនជាអ្នកមានបទពិសោធន៍ផ្សេងទៀត អ្នកអាចចែករំលែកតាមរយៈ Comment ខាងក្រោម។

Post a Comment