តើមូសអាចរកឃើញមនុស្សដើម្បីខាំដោយរបៀបណា?

មូសជាសត្វល្អិតដ៏រំខាន។ បន្ថែមលើ កន្ទួលរមាស់ដោយសារការខាំរបស់វា​ មូសក៏ជាភ្នាក់ងារចំលងរោគដ៏កាចសាហាវផងដែរ។ រៀងរាល់ឆ្នាំមានមនុស្សជាង១​លាននាក់បានស្លាប់ដោយសារមូសដែកគោលញីដែលជាភ្នាក់ងារបង្កជំងឺគ្រុនចាញ់។ លើសពីជំងឺផ្សេងទៀតដូចជាគ្រុនឈាមក៏ចម្លងដោយសារមូសផងដែរ។

តើលោកអ្នកដឹងទេថាសត្វល្អិតចង្រៃដ៏កាចសាហាវនេះអាចរកឃើញមនុស្សដើម្បីខាំដោយរបៀបណា?

លោកអ្នកប្រហែលជាគិតថាមូសប្រើភ្នែករបស់វាដើម្បីឃើញមនុស្សហើយអាចខាំមនុស្សបានហើយមើលទៅ។ តាមការស្រាវជ្រាវបានបង្ហាញថាភ្នែករបស់មូសមិនអាចអនុញ្ញាតឲ្យវាបែងចែកវត្ថុដែលវាមើលឃើញបានច្បាស់ទេ​ មានន័យថាបើពឹងផ្អែកលើភ្នែករបស់វា រវាងមនុស្សនិងវត្ថុផ្សេងទៀតដែលមានទំហំប្រហាក់ប្រហែលនឹងមនុស្ស វាមិនអាចដឹងថាមួយណាដែលវាគួរខាំនោះទេ។ ក្នុងគោលបំណងស្វែងយល់ពីសត្វសាហាវមួយនេះ និងដើម្បីអាចចាត់វិធានការប្រឆាំងនឹងជំងឺឆ្លងដែលវាផ្ទុក អ្នកវិទ្យាសាស្រ្តបានរកឃើញថាមូសអាចដឹងពីកន្លែងដែលមនុស្សនៅតាមរ​យៈបរិមាណកាបូនឌីអុកស៊ីតដែលមនុស្សដកដង្ហើមចេញ។ តាមរយៈកំហាប់កាបូនឌីអុកស៊ីតដែលចេញពីមនុស្សនេះ មួសអាចហើរទៅជិតមនុស្សហើយអាចទៅរកស្បែកមនុស្សដែលមិនបានគ្របដណ្តប់តាមរយៈក្លិនដែលបញ្ចេញពីស្បែករបស់មនុស្សបាន។

សំរាប់ចំនេះដឹងបន្ថែមលោកអ្នកអាចទស្សនាវីដេអូខាងក្រោម៖

Post a Comment