តើអ្នកធ្វើអ្វី នៅពេលព្យាយាមរកនឹកពីរឿងអ្វីមួយ? តើអ្នកធ្លាប់បិទភ្នែកដើម្បីរកនឹកពីកន្លែងដែលអ្នកដាក់កូនសោរដែររឺទេ? តើអ្នកជឿទេថាការបិទភ្នែកអាចជួយឲ្យអ្នកនឹកឃើញកន្លែងដែលអ្នកភ្លេចកូនសោរបាន?
ថ្មីៗនេះ សកលវិទ្យាល័យ Surrey ដែលមានទីតាំងនៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស បានធ្វើការពិសោធន៍មួយដើម្បីបញ្ជាក់ថាតើការបិទភ្នែកពិតជាអាចជួយឲ្យអ្នកនឹកឃើញព្រិត្តិការណ៍ដែលអ្នកបានឆ្លងកាត់បានល្អជាងការមិនបិទភ្នែកដែរ រឺទេ។ នៅក្នុងការពិសោធន៍នោះ អ្នកស្រាវជ្រាវបានឲ្យអ្នកចូលរួម ១៧៨នាក់មើលវីដេអូ។ បន្ទាប់មក សំនួរមួយចំនួនត្រូវបានគេសួរទៅកាន់អ្នកចូលរួមដោយចែកជា៤ក្រុម ដែលក្រុមទី១ឆ្លើយដោយបិទភ្នែក ក្រុមទី២ឆ្លើយដោយបិទភ្នែកហើយនិងមានភាពរាក់ទាក់ពីអ្នកសួរពេលសួរសំនួរ ក្រុមទី៣ឆ្លើយដោយបើកភ្នែក និងក្រុមទី៤ឆ្លើយដោយបើកភ្នែកព្រមទាំងមានការរាក់ទាក់ពីអ្នកសំភាសន៍ពេលសួរសំនួរ។ ជាលទ្ធផលអ្នកដែលឆ្លើយដោយបិទភ្នែករកនឹក អាចឆ្លើយសំនួរបានត្រឹមត្រូវ ២៣ភាគរយច្រើនជាងអ្នកដែលឆ្លើយដោយបើកភ្នែក។ ហើយការដែលមានការរាក់ទាក់ពីអ្នកសួរអាចជួយឲ្យអ្នកដែលបិទភ្នែកកាន់តែឆ្លើយសំនួរបានល្អ។
តើការរកឃើញនេះមានប្រយោជន៍អ្វីខ្លះ?
សំរាប់អ្នកសិក្សា ការបិទភ្នែកនឹកដល់មេរៀនអាចជួយឲ្យគេចងចាំមេរៀនបានល្អជាងការដែលបើកភ្នែក ពីព្រោះការបិទភ្នែកអាចជួយកាត់បន្ថយការរំខានពីមជ្ឃដ្ឋានខាងក្រៅ។
សំរាប់អជ្ញាធរមានសមត្ថកិច្ច ការរកឃើញនេះអាចឲ្យគេយកវិធីសាស្រ្តនេះទៅអនុវត្តក្នុងការសួរសាក្សី។ គេអាចទទួលបានចម្លើយដែលមានភាពត្រឹមត្រូវកាន់តែល្អពីសាក្សី ប្រើសិនសាក្សីត្រូវបានសួរឲ្យផ្តល់ចំលើយដោយបិទភ្នែកនឹកគិត និងគ្មានអារម្មណ៍ថាមានសម្ពាធ។
Post a Comment