ញញឹមជាការបញ្ចេញអារម្មណ៍ដោយទឹកមុខដែលអាចយល់ដោយមនុស្សទូទៅក្នុងលោក។វាជាភាសាសកលដែលមនុស្សជាច្រើនក្នុងលោកទទួលស្គាល់ថាជាប្រភពនៃសុភមង្គល និងទំនាក់ទំនង។ “សន្តិភាពចាប់ផ្តើមឡើងពីស្នាមញញឹម” អ្នកម្តាយថេរ៉េសា។ ខាងក្រោមនេះគឺជាឥទ្ធិពលរបស់ស្នាមញញឹម ហើយក៏ជាមូលហេតុដែលអ្នកគួរតែញញឹមអោយបានច្រើនផងដែរ៖
- ការញញឹមនឹងធ្វើអោយអ្នកអារម្មណ៍ល្អ អ្នកប្រហែលជាគិតមិនចាប់អារម្មណ៍ទេថាការញញឹមនឹងធ្វើអោយអ្នកមានអារម្មណ៍ល្អ ជាងពេលអ្នកពាក់មុខយក្សព្រោះជាទូទៅយើងតែងតែដឹងថា ពេលយើងមានអារម្មណ៍ល្អទើបយើងញញឹម។ ការសិក្សាមួយចំនួនបានបង្ហាញថា ពេលដែលអ្នកញញឹមខ្លួនរបស់អ្នកនឹងបញ្ចេញអរម៉ូនម្យ៉ាងឈ្មោះសេរ៉ូតូនិន ដែលជាសារធាតុគីមីជួយអោយអ្នកមានអារម្មណ៍ល្អ។ (អ្នកកើតជំងឺផ្លូវចិត្តភាគច្រើនគឺបណ្តាលមកពីខ្វះសារធាតុសេរ៉ូតូនីននេះ។) ដូច្នេះ ពេលរីករាយ អ្នកក៏ញញឹម ហើយពេលអ្នកញញឹមអ្នកនឹងកាន់តែរីករាយ។
- ស្នាមញញឹមអាចផ្លាស់ប្តូរពិភពលោក តើអ្នកដឹងទេថាស្នាមញញឹមរបស់មនុស្សម្នាក់អាចឆ្លងទៅកាន់អ្នកដទៃទៀត? ពេលខ្លះអ្នកប្រហែលជាមិនចាប់អារម្មណ៍ថាការញញឹមអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទេ។ តើមានប៉ុន្មានដងដែលអ្នកផ្សេងញញឹមដាក់អ្នកហើយអ្នកមិនញញឹមដាក់គេវិញនោះ? ប្រហែលជាមិនច្រើនដងទេ។ នេះគឺជាឥទ្ធិពលរបស់ស្នាមញញឹម។ ដោយសារញញឹមធ្វើអោយអ្នករីករាយ នៅពេលដែលមនុស្សភាគច្រើនមិនពាក់មុខយក្សដាក់គ្នានោះសង្គមនឹងកាន់តែរីករាយ និងមានសុភមង្គល។
- ការញញឹមធ្វើអោយមើលទៅទាក់ទាញ ក្នុងការស្រាវជ្រាវបានរកឃើញថា មនុស្សភាគច្រើនគិតថាអ្នកដែលញញឹមគឺមានភាពទាក់ទាញជាង។ ចូរអ្នកស្រមៃមើលថារវាងពេលដែលមិត្តរបស់អ្នកញញឹម និងពាក់មុខយក្ស មុខមួយណាដែលគួរអោយស្រលាញ់ជាង?
- ការញញឹមជួយបង្កើត និងពង្រឹងទំនាក់ទំនង ស្នាមញញឹមជាសញ្ញានៃមិត្តភាព។ នៅពេលដែលមនុស្សណាម្នាក់ញញឹមរកអ្នក អ្នកប្រកដជាមានអារម្មណ៍ថាគេនោះចូលចិត្ត និងចង់រាប់អានអ្នក។ ការនេះនឹងជួយអោយអ្នកទាំងពីរងាយបង្កើតទំនាក់ទំនង។ លើសពីនេះទំនាក់ទំនងដែលប្រកបដោយស្នាមញញឹមគឺជាទំនាក់ទំនងដែលប្រកបដោយសុភមង្គល ហើយអាចស្ថិតស្ថេរយូរអង្វែង។
Post a Comment