ការគុំគួនអាចធ្វើអោយប៉ះពាល់ដល់សុខភាព

ការសិក្សាជាច្រើនបានបង្ហាញថាសុខភាពផ្លូវចិត្ត និងអារម្មណ៍របស់មនុស្សមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសុខភាពផ្លូវកាយ។ ការមានសុទិដ្ឋិនិយមអាចឲ្យមនុស្សមានថាមពលក្នុងការសំរេចការងារផ្សេងៗក្នុងជីវិត។ ការមានការតាំងចិត្តខ្ពស់របស់អ្នករត់ប្រណាំង អាចជួយឲ្យគេរត់បានលឿនព្រមទាំងមិនងាយហត់ទៀតផង។

ទាក់ទងជាមួយទំនាក់ទំនងរវាងអារម្មណ៍ផ្លូវចិត្តនិងសុខភាពផ្លូវកាយនេះ មានការសិក្សាថ្មីមួយបានរកឃើញថាការគុំគួនរបស់មនុស្សចំពេោះអ្នកដែលធ្វើអាក្រក់ដាក់ខ្លួន​ មិនត្រឹមតែធ្វើឲ្យគេមានបន្ទុកផ្លូវចិត្តប៉ុន្នោះទេ វាថែមទាំងធ្វើឲ្យគេមានបន្ទុកផ្លូវកាយផងដែរ។​ នេះជាការរកឃើញថ្មីមួយរបស់ Erasmus University's Rotterdam School of Management របស់ប្រទេសហុឡង់ ដែលបានចុះផ្សាយនៅក្នុង Journal Social Psychological & Personality Science។ ក្នុងការស្រាវជ្រាវនេះ ការពិសោធន៍២ ត្រូវបានគេធ្វើឡើង។ នៅក្នុងការពិសោធន៍ទី១ គេបានឲ្យនិស្សិតចំនួន៤៦ចែកជា២ក្រុម ហើយក្រុមទីមួយត្រូវបានគេតំរូវឲ្យសរសេររៀបរាប់ពីពេលវេលាដែលនរណាម្នាក់ធ្វើឲ្យគេខឹង ប៉ុន្តែរូបគេផ្ទាល់អភ័យទោសឲ្យអ្នកនោះ ចំនែកមួយក្រុមទៀតសរសេររៀបរាប់ពីពេលវេលាដែលគេខឹងចំពោះនរណាម្នាក់តែមិនបានលើកលែងឲ្យអ្នកដែលធ្វើខុសនោះទេ។ បន្ទាប់មក មនុស្សទាំងពីរក្រុមត្រូវបានគេឲ្យឡើងលើភ្នំមួយដូចគ្នា។ វាជារឿងដែលគួរឲ្យភ្ញាក់ផ្អើល ព្រោះក្រុមទី១ដែលសរសេរពីការអភ័យទោសនោះគិតថាភ្នំនោះមានកំពស់ទាបជាងអ្វីដែលមនុស្សក្រុមទី២គិត។ ក្នុងការពិសោធន៍ទី២ ដែលមាននិស្សិត១៦០នាក់ចូលរួម អ្នកវិទ្យាសា្រស្តបានចែកនិស្សិតនោះជា៣ក្រុម ដោយឲ្យក្រុមទី១សរសេររៀបរាប់ពីបទពិសោធន៍ដែលគេលើកលែងទោសឲ្យអ្នកដែលធ្វើបាបគេ ហើយក្រុមទី២សរសេររៀបរាប់ពីបទពិសោធន៍ដែលគេមិនលើកលែងទោសដាច់ខាតដល់អ្នកដែលធ្វើបាបគេ រីឯក្រុមទី៣សរសេរពីបទពិសោធន៍ដែលមិនទាក់ទងនិងការត្រូវបានគេធ្វើបាបរឺការលើកលែងទោសឡើយ (ណឺត)។ បន្ទាប់មកអ្នកទាំងបីក្រុមត្រូវបានគេឲ្យលោតកំពស់។ ជាលទ្ធផល ជាមធ្យមមនុស្សក្រុមទី១ដែលបានអភ័យទោសឲ្យគេលោតបានខ្ពស់ជាងក្រុមទី២ដែលសរសេរពីបទពិសោធន៍គុំគួន។ ចំនែកភាពខុសគ្នារវាងក្រុមទី១ និងក្រុមទី៣ដែលសរសេរពីអារម្មណ៍ណឺត នោះគ្មានអ្វីគួរឲ្យកត់សំគាល់ឡើយ។

យោងទៅតាម​ Mayo Clinic, ការអភ័យទោសអាចផ្តល់នូវផលល្អច្រើនចំពោះសុខភាពដូចជាបន្ថយសម្ពាធឈាម បង្កើនប្រព័ន្ធការពាររាង្គកាយ​ បន្ថយការភ័យខ្លាចនិងស្ត្រេស បន្ថយហនិភ័យក្នុងការកើតជំងឺថប់បារម្ភ ព្រមទាំងពង្រឹងទំនាក់ទំនងល្អរវាងមនុស្សនិងមនុស្សផងដែរ។

"រក្សាគំនុំ គឺជាការដាក់បន្ទុកលើខ្លួនឯងយ៉ាងពិតប្រកដ"




ប្រភព៖ បរទេស
ប្រែសំរួលដោយ៖ ស៊ីណែត


Post a Comment