ជំនាញ៦ ដែលត្រូវចេះនៅវ័យ ២០ឆ្នាំ

បន្ទាប់បានអានអត្ថបទនៅក្នុងគេហទំព័របរទេសមួយ ខ្ញុំក៏សំរេចចិត្តសសេរអត្ថបទនេះឡើង។ ខាងក្រោមនេះគឺជាចំនុចមួយចំនួនដែលខ្ញុំយល់ថាសំខាន់ហើយចង់ចែករំលែកអោយអ្នកទាំងអស់គ្នាជាពិសេសអ្នកដែលកំពុងស្ថិតក្នុងវ័យ ២០ឆ្នាំ៖
តើអ្នកត្រូវចេះអ្វីខ្លះពេលអាយុខ្ទង់២០?

ចេះស្មោះត្រង់
ភាពស្មោះត្រង់សំខាន់ណាស់សំរាប់ការរស់នៅទូទៅ ក៏ដូចជាកន្លែងធ្វើការរឺក្នុងអាជីវកម្មផ្សេងៗ។ ការមិនស្មោះត្រង់ម្តងម្កាល យូរៗទៅអាចក្លាយជាទម្លាប់។ ហើយការមិនស្មោះត្រង់នេះអាចនឹងធ្វើអោយអ្នកមានបញ្ហាក្នុងទំនាក់ទំនងទៅថ្ងៃក្រោយ។ ឧទាហរណ៍ថាពេលអ្នកទៅប្រជុំយឺតដោយអ្នកមិនបានត្រៀមខ្លួនបានល្អ អ្នកមិនគួរប្រាប់គេថាអ្នកយឺតដោយសារស្ទះចរាចរណ៍រឺយឺតដោយលេសផ្សេងៗទេ អ្នកគួរតែប្រាប់តាមត្រង់ទៅថាអ្នកមិនបានត្រៀមខ្លួនអោយបានល្អទើបមកយឺត។ ជំនួសដោយការប្រើលេស អ្នកគួរតែនិយាយការពិត ពីព្រោះការប្រើលេសអាចអោយគេមើលឃើញថាអ្នកជាមនុស្សមិនគួរអោយទុកចិត្តនៅថ្ងៃក្រោយ។
ចេះទទួលការរិះគន់
ធម្មជាតិរបស់មនុស្សគឺ មិនចូលចិត្តអោយគេនិយាយថាខ្លួនខុសនោះទេ។ ប៉ុន្តែអ្នកត្រូវចាំថាគ្មានអ្នកណាដែលល្អគ្រប់១០ នោះឡើយ។ កំហុសតែងតែមាន ហើយអ្នករិះគន់ក៏មិនដែលថាគ្មានដែរ។ ហេតុនេះអ្នកត្រូវចេះរៀនបើកចិត្តអោយទូលាយទទួលយកការរិះគន់ដើម្បីអាចការប្រែចំនុចខ្វះខាតរបស់យើង ព្រមទាំងចេះឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងការរិះគន់ដោយមិនក្រោធខឹង រឺគិតអាក្រក់ពីអ្នកដែលរិះគន់យើងឡើយ។ ការចេះទទួលយកការរិះគន់នេះនឹងជួយអោយអ្នកជោគជ័យនៅលើវិថីជីវិតដ៏វែងឆ្ងាយទៅខាងមុខ។
ចេះគោរពសន្យា
ពាក្យបុរាណខ្មែរយើងតែងនិយាយថា មនុស្សគេយកសំដី។ ពាក្យនេះគឺសំដៅដល់ការគោរពសន្យានេះឯង។ ឧទាហរណ៍ថា នៅកន្លែងធ្វើការរបស់អ្នក អ្នកបានសន្យាថានឹងធ្វើការងារមួយអោយហើយនៅសប្តាហ៍ក្រោយ ប៉ុន្តែអ្នកមិនបានបង្ហើយការងារនោះដូចដែលអ្នកបានសន្យាទេ។ ការនេះនឹងធ្វើអោយអ្នកជុំវិញខ្លួននិងថ្នាក់លើរបស់អ្នកបាត់បង់ទំនុកចិត្តលើអ្នក។ ហើយភាពជាមនុស្សគួរជាទីទុកចិត្តនេះហើយដែលនឹងអាចអោយអ្នកឆ្ពោះទៅមុខកាន់តែខ្ពស់នៅក្នុងការងាររបស់អ្នក។
ចេះងើបឈរ
មនុស្សម្នាក់ៗតែងតែធ្លាប់ជួបបរាជ័យក្នុងរឿងអ្វីមួយ ហើយអ្នកខ្លះក៏ធ្លាប់ជួបបរាជ័យរាប់មិនអស់។ ដូចនេះចេះងើបឈរបន្ទាប់ពីបរាជ័យសំខាន់ណាស់ បើសិនជាអ្នកចង់ជោគជ័យ។ នៅអាយុខ្ទង់២០ឆ្នាំ គឺជាពេលវេលាដែលទំនួលខុសត្រូវរបស់អ្នកមិនទាន់ច្រើនប៉ុន្មានឡើយ ហេតុនេះ នៅខ្ទង់អាយុ២០ឆ្នាំនេះហើយដែលអ្នកមានពេលវេលាច្រើនសំរាប់រៀនសូត្រនិងដកស្រង់បទពិសោធន៍ពីភាពបរាជ័យ ដើម្បីអោយខ្លួនអ្នករឹងមាំគ្រប់គ្រាន់សំរាប់ទំនួលខុសត្រូវដែលអ្នកនឹងត្រូវមានកាន់តែច្រើនឡើងៗនៅអាយុខ្ទង់៣០ ទៅ៤០ឆ្នាំ។ មហាសេដ្ឋីរបស់ចិនលោកចេកម៉ា ក៏ធ្លាប់បានផ្តល់ដំបូន្មានដូចគ្នានេះដែរ នៅក្នុងកម្មវិធីទូរទស្សន៍មួយ។
ចេះប្រឈមមុខនឹងការបដិសេធ
នៅវ័យខ្ទង់ ២០ ឆ្នាំ គឺជាវ័យដែលមនុស្សភាគច្រើនសាកល្បងធ្វើរឿងជាផ្សេងៗដូចជារកដៃគូរជីវិត រឺដាក់ពាក្យសុំធ្វើការកន្លែងផ្សេងៗជាដើម។ អ្នកខ្លះក៏ជោគជ័យ ឯអ្នកខ្លះទៀតក៏មិនជោគជ័យ។ តាមចិត្តវិទ្យា ជាទូទៅការបដិសេធនឹងធ្វើអោយអ្នកបាត់បង់ក្តីស្រលាញ់ចំពោះខ្លួនឯង។ ហេតុនេះហើយទើបយើងឃើញមនុស្សខ្លះបាក់ទឹកចិត្តនៅពេលទទួលរងការបដិសេធពីនរណាម្នាក់។ មនុស្សល្បីៗមួយចំនួនសុទ្ធតែធ្លាប់ទទួលការបដិសេធជាច្រើនលើកច្រើនសារមុននឹងទទួលបានជោគជ័យ។ លោកចេកម៉ា​ ធ្លាប់ត្រូវបានគេបដិសេធការងារជាច្រើនកន្លែង ប៉ុន្តែការបដិសេធនេះមិនបានធ្វើអោយយល់ថាខ្លួនគាត់គ្មានបានការនោះទេ គឺគាត់នៅតែរក្សាទឹកចិត្ត ដើរឆ្ពោះទៅមុខជានិច្ច។ ប្រសិនជាអ្នកជួបនូវការបដិសេធ ចូរអ្នកទទួលស្គាល់ការពិតមួយទៅថា ការបដិសេធនោះមិនមានជាអវសាន្តពិភពលោកទេ។ និយាយអោយត្រង់ គឺ វាមិនស្លាប់ទេ។
ចេះរៀនក្រៅសៀវភៅ
ការរៀនមិនមែនសំដៅតែលើការរៀននៅសាលា រៀនតាមសៀវភៅនោះទេ។ ដើម្បីទទួលជោគជ័យទៅថ្ងៃក្រោយ អ្នកត្រូវចេះរៀនពីមនុស្សជុំវិញខ្លួន រៀនពីសង្គម តាមការសង្កេត នឹងការដកស្រង់បទពិសោធដោយខ្លួនអ្នក។ ក្នុងវ័យនេះ វាសំខាន់ណាស់សំរាប់អ្នកក្នុងការរាប់អានមនុស្សដែលអាចអោយអ្នកជោគជ័យទៅថ្ងៃក្រោយ គឺអ្នកត្រូវរាប់អានមនុស្សដែលនឹងបង្រៀនអ្នកពីការងារផ្សេងៗ ពីរបៀបដែលនឹងនាំអ្នកទៅរកជោគជ័យ។ បើអ្នកចង់បើកអាជីវកម្មខ្លួនឯងអ្នកត្រូវរៀនពីអ្នកដែលកំពុងតែមានអាជីវកម្មខ្លួនឯងដើម្បីទទួលបទពិសោធពីគេ។ លើសពីនេះ អ្នកក៏អាចរៀនបានផងដែរតាមការស្តាប់វាគ្មិននៅតាមសិក្ខាសាលា វគ្គបណ្តុះបណ្តាលផ្សេងៗ។

Post a Comment