អំបិលត្រូវបានគេស្គាល់ជាទូទៅថាជាគ្រឿងផ្សំយ៉ាងសំខាន់នៅក្នុងការចំអិនអាហារ។ ប៉ុន្តែផលអាក្រក់បណ្តាលមកពីការបរិភោគអំបិលច្រើនពេកប្រហែលជាមិនត្រូវបានគេដឹងទូទៅនោះទេ។ ខាងក្រោមនេះ ខ្ញុំសូមលើកយកនូវគុណវិបត្តិមួយចំនួនដែលអាចបណ្តាលមកពីការបរិភោគអំបិលរឺជាតិប្រៃច្រើនពេក។
- សម្ពាធឈាមកើនឡើង
ជាតិសូដ្យូមនៅក្នុងអំបិល អាចធ្វើឲ្យសរសៃឈាមរក្សាជាតិទឹកតាមរយៈចលនការ អូស្មូស។ កាលណា សូដ្យូមមានវត្តមានកាន់តែច្រើនក្នុងសរសៃឈាម វានឹងធ្វើឲ្យសរសៃឈាមស្រូបទឹកទុកកាន់តែច្រើន ដែលធ្វើឲ្យសម្ពាធឈាមកើនឡើង(លើសឈាម)។
- ជំងឺមហារីក
ការស្រាវជ្រាវបានបង្ហាញថាអំបិល រឺអាហារមានជាតិប្រៃផ្សេងទៀតអាចជាមូលហេតុមួយនេះជំងឺមហារីកក្រពះ។
- សរសៃអារទែតូចៗ
ជាតិសូដ្យូមក្នុងឈាមធ្វើឲ្យសម្ពាធឈាមកើនឡើង។ ការកើនឡើងនៃសម្ពាធឈាមនេះបង្កើនបន្ទុកក្នុងសរសៃអារទែតូចៗ ដែលធ្វើឲ្យសរសៃអារទែតូចៗទាំងនេះបង្កើននូវសាច់ដំុរលោងតូចៗនៅជុំវិញនោះ។ ការនេះធ្វើអោយសរសៃអារទែតូចៗទាំងនេះរួមកាន់តែតូច ដែលធ្វើឲ្យឈាមពិបាកឆ្លងកាត់ ឬអាចបណ្តាលឲ្យបែកសរសៃអារទែតូចៗនេះតែម្តង កាលណាយើងបរិភោគអំបិលច្រើនរយៈពេលយូរ។ មូលហេតុខាងដើម នឹងធ្វើឲ្យមានបញ្ហាដល់សរីរាង្គសំខាន់ៗមួយចំនួនដែលត្រូវការចំនីអាហារ និងអុកស៊ីសែន ដែលដឹកនាំដោយឈាមតាមសរសៃអារទែតូចៗទាំងនោះ។សរីរាង្គសំខាន់ៗទាំងនោះមាន៖
- បេះដូង
កាលណាឈាមទៅចិញ្ចឹមបេះដូងថយចុះ មានន័យថាអុកស៊ីសែន និងអាហារដែលទៅចិញ្ចឹមសាច់ដុំបេះដូងក៏ថយចុះដែរ។ ការដែលទទួលអុកស៊ីសែន និងអាហារមិនគ្រប់គ្រាន់នេះ នឹងធ្វើឲ្យបេះដូងពិបាកធ្វើការ (កន្ត្រាក់)។ កាលណាយើងបរិភោគអំបិលច្រើនរយៈពេលយូរ អាចធ្វើឲ្យឈាមមិនអាចឆ្លងកាត់អារទែតូចៗនេះ ឬបែកសរសៃអារទែតូចៗនេះតែម្តង ដែលធ្វើឲ្យគ្មានអុកស៊ីសែន និងអាហារទៅចិញ្ចឹមបេះដូងហើយធ្វើឲ្យគាំងបេះដូង។
- ខួរក្បាល
មិនត្រឹមតែសរសៃអារទែតូចៗដែលទៅចិញ្ចឹមបេះដូងប៉ុណ្ណោះទេដែលរងការប៉ះពាល់ សូម្បីតែសរសៃអារទែតូចៗដែលទៅចិញ្ចឹមខួរក្បាលក៏រងផលប៉ះពាលផងដែរ។ ការបរិភោគអំបិលច្រើនរយៈពេលយូរ អាចធ្វើឲ្យឈាមមិនអាចឆ្លងកាត់អារទែតូចៗនេះ ឬបែកសរសៃអារទែតូចៗនេះតែម្តង ដែលបណ្តាលឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល។
ខាងក្រោមនេះគឺជាវីដេអូខ្លីដែលពន្បល់អំពីចលនាការនៃជំងឺដាច់សរសៃឈាមខួរក្បាល (Stroke)
Post a Comment